(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំសន្និសីទសារព័ត៌មានមួយ នៅវេលាម៉ោង៥៖០០ល្ងាច ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ ដើម្បីឆ្លើយតបចំពោះ​ការមួលបង្កាច់មកលើកម្ពុជាជុំវិញករណីព្រែកជីកហ្វូណនតេជោ។

សន្និសីទនេះ ធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយអត្ថបទស្រាវជ្រាវមួយសរសេរដោយវិទ្យាស្ថានអភិវឌ្ឍន៍ការស្រាវជ្រាវបូព៌ា (Oriental Research Development Institute) ប្រទេសវៀតណាម បានវាយប្រហារថា ព្រែកជីកហ្វូណនតេជោ មិនត្រឹមតែជាគម្រោងមួយដែលបម្រើឱ្យសេដ្ឋកិច្ច-សង្គមកម្ពុជាប៉ុណ្ណោះទេ ក៏ប៉ុន្តែព្រែកជីកនេះក៏មានតម្លៃចម្បងបម្រើឱ្យវិស័យយោធារបស់ចិនផងដែរ។

ឆ្លើយតបចំពោះរឿងនេះ កាលពីម្សិលមិញ សម្តេចតេជោ ហ៊ុន សែន ក៏បានចេញច្រានចោលទាំងស្រុងទៅនឹងការចោទប្រកាន់នេះដែរ។ សម្តេចបញ្ជាក់ថា ព្រែកជីហ្វូននេះ ធ្វើឡើងដើម្បីផលប្រយោជន៍សេដ្ឋកិច្ចសង្គមសុទ្ធសាធ ហើយគ្មានការចាំបាច់ណាដែលត្រូវការកងទ័ពចិននោះទេ។ សម្តេចចោទសួរថា កម្ពុជាឆោតល្ងង់ រហូតដល់យកកងទ័ពចិន មកនៅក្នុងប្រទេសរបស់ខ្លួន ដែលវាផ្ទុយជាមួយរដ្ឋធម្មនុញ្ញរបស់ខ្លួនឬ? និង តើចិនឆោតល្ងង់រហូតយកកងទ័ពខ្លួនមកនៅកម្ពុជា ដែលវាផ្ទុយជាមួយគោលការគោរពឯករាជ្យភាពកម្ពុជា ពីសំណាក់ចិនឬ?

សម្តេចបានអំពាវនាវកុំឱ្យមានការមួលបង្កាច់កម្ពុជា ក្នុងគោលបំណងប្រឆាំងចិនតទៅទៀត ដោយលើកឡើងថា៖ «យើងសូមអំពាវនាវ សូមកុំមួលបង្កាច់យើង ក្នុងគោលបំណងប្រឆាំងចិន តាមយុទ្ធសាស្រ្តនៃភូមិសាស្ត្រនយោបាយអី ឈប់បានឈប់ទៅ។ យើងក៏ចេះគិតពីប្រយោជន៍ជាតិរបស់យើងដូចពួកអ្នកឯងដែរ ហើយខួរក្បាលរបស់ពួកអ្នកឯងក៏មិនប្រាកដថា ពូកែជាងពួកខ្ញុំនោះទេ សំណាងត្រង់ពួកអ្នកឯងកើតក្នុងប្រទេសអ្នកមាន ឯពួកខ្ញុំកើតក្នុងប្រទេសក្រីក្រ ទើបពួកឯងមើលងាយពួកខ្ញុំ»