(ភ្នំពេញ)៖ ដើម្បីចូលរួមផ្សព្វផ្សាយ វប្បធម៌ អត្តសញ្ញាណជាតិ និងអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលមានវ័យចំណាស់ជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជម្រុញការលើកទឹកចិត្តដល់យុវជនស្រលាញ់ វប្បធម៌ ទំនៀមទំលាប់ ប្រពៃណីជាតិ នៅក្នុងសង្គមជាតិ កាន់តែរឹងមាំ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (AEU) បានរៀបចំពិធីសូត្រមន្ត ប្រោះព្រំសិរីសួស្តី និងសង្ក្រាន្តឆ្នាំថ្មី ២០២៤ ដែលបានប្រព្រឹត្តទៅនៅទីតាំងសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ស្ថិតនៅតាមបណ្ដោយផ្លូវកម្ពុជាក្រោម រាជធានីភ្នំពេញ។

ពិធីសូត្រមន្ត ប្រោះព្រំ សិរីសួស្តី នៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នេះ បានធ្វើឡើងនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពឧកញ៉ាបណ្ឌិត ឌួង លាង ជាស្ថាបនិក និងជាប្រធានកិត្តិយសក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងអ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ព្រមទាំងវត្តមានគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។

នៅពិធីសូត្រមន្ត ប្រោះព្រំសិរីសួស្តី និងបុណ្យសង្ក្រានឆ្នាំថ្មីនេះដែរ សាកលវិទ្យាល័យអាស៊ី អឺរ៉ុប បានរៀបចំសកម្មភាពវប្បធម៌ និងកម្សាន្ដជាច្រើនដូចជា ការរាំរបាំប្រពៃណី និងរបាំប្រជាប្រិយខ្មែរ របាំត្រុដិ រួមទាំងមានការលេងល្បែងប្រជាប្រិយខ្មែរ ដូចជា ល្បែងដណ្តេីមស្លឹកឈេី​ រាំបទប្រពៃណី​ លាក់កន្សែង បោះអង្គញ់ ទាញព្រ័ត្រ វាយក្អម​ និងល្បែងកម្សាន្ដជាច្រើនទៀត។ ព្រឹត្តិការណ៍សង្ក្រាន្តនេះដែរក៏មានបើកជូនដល់សិស្ស​ និស្សិត បុគ្គលិក អប់រំ មាតាបិតា អ្នកអាណាព្យាបាលសិស្ស ចូលរួមដើម្បីទទួលបាននូវភាពសប្បាយរីករាយជួបជុំគ្រួសារ និងចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃជាតិខ្មែរ។

សូមបញ្ជាក់ថា ពិធីបុណ្យសង្ក្រានឆ្នាំថ្មី គឺជាពិធីបុណ្យជាតិប្រចាំឆ្នាំដ៏ធំមួយ ក្នុងចំណោមបុណ្យជាតិផ្សេងៗទៀតដូចជា៖ ភ្ជុំបិណ្ឌ និងបុណ្យអុំទូក អកអំបុក សំពះព្រះខែជាដើម។ ចំពោះអត្ថន័យរៀបចំបុណ្យចូលឆ្នាំថ្មី ពីធីសង្ក្រាន្ត មានតាំងពីបុរាណកាលមក ប្រជាពលរដ្ឋខ្មែរតែងតែគោរពប្រតិបត្តិព្រហ្មញ្ញសាសនា រហូតមកដល់ព្រះពុទ្ធសាសនា ដែលមានជំនឿលើក្បួនហោរាសាស្ត្រ និងការផ្លាស់ប្តូរទេវតាឆ្នាំថ្មី ហើយទេវតាឆ្នាំថ្មីនាំឱ្យមានលាភជ័យ និងសុខទុក្ខតាមជំនឿឆ្នាំនីមួយៗ។

ក្រៅពីពិធីសាសនា ក្នុងរយៈពេលបីថ្ងៃនៃបុណ្យចូលឆ្នាំនេះ មនុស្សម្នាទាំងចាស់ទាំងក្មេង ប្រជុំគ្នាលេងល្បែងប្រជាប្រិយផ្សេងៗ ដែលនេះហើយជាតម្លៃដែលឆ្លុះបញ្ចាំងនូវសាមគ្គីភាព ពិសេសផ្តល់ឲ្យយុវជនដែលជាអ្នកបន្តវេនឲ្យចេះស្រឡាញ់ និងថែរក្សាមរតក វប្បធម៌ ប្រពៃណីជាតិ ប្រកបដោយមោទនៈភាពជាតិ ដែលបាននឹងកំពុងជ្រកក្រោមម្លប់សន្តិភាព៕