(ភ្នំពេញ)៖ ខណៈពេលអាកាសធាតុកំពុងតែក្តៅស្ងួតខ្លាំង ដែលងាយនឹងបណ្តាលឱ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងបន្ថែមស្តីពីការរក្សាសុវត្ថិភាព បង្ការការពារគ្រោះអគ្គិភ័យ ក្នុងរាជធានីភ្នំពេញ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសាឆ្នាំ២០២៤ខាងមុខនេះ។

នៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានោភ្នំពេញ បានធ្វើការណែនាំដូចជា៖

១៖ នៅគ្រប់ទីវត្តអារាម ទីកន្លែងគោរពសក្ការៈបូជា ក្រសួង ស្ថាប័ន មន្ទីរ អង្គភាព ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រប់ផ្សាររដ្ឋ និងផ្សារឯកជន គេហដ្ឋាននិងទីកន្លែងសប្បាយភាពនានា ព្រមទាំង បងប្អូនប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះដើមហេតុដែលអាចបង្កើតឱ្យមានគ្រោះអគ្គិភ័យ ដូចជា ភ្លើងចង្ក្រាន ភ្លើងចង្កៀង ភ្លើងធូប-ទៀន ការតភ្ជាប់ ឬប្រើចរន្តអគ្គិសនីមិនត្រឹមត្រូវតាម លក្ខណៈបច្ចេកទេស ការទុកដាក់ប្រេងឥន្ធនៈ ឧស្ម័នចំហេះ វត្ថុងាយឆេះ ឬងាយផ្ទុះឆេះ។ល។ ដោយត្រូវពិនិត្យឱ្យបានហ្មត់ចត់ បង្ការកុំឱ្យមានការឆេះរាលដាលបង្កើតជាគ្រោះអគ្គិភ័យដែលធ្វើឱ្យ បាត់បង់ទាំងទ្រព្យសម្បត្តិ និងអាចដល់អាយុជីវិត។

២៖ ហាមដាច់ខាតចំពោះការបង្ហោះគោម និងការអុជកាំជ្រួចគ្រប់ប្រភេទនៅគ្រប់ទីកន្លែង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ។ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការ ឱ្យបានម៉ឺងម៉ាត់បំផុតចំពោះបុគ្គល និងម្ចាស់ទីតាំងណាដែលបង្កការអុជកាំជ្រួច និងបង្ហោះគោមបណ្តាលឱ្យមានអគ្គិភ័យកើតឡើងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

៣៖ ចំពោះអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវត្រៀមរៀបចំមធ្យោបាយឱ្យបានគ្រប់គ្រាន់ ក្នុងការបង្ការ ទប់ស្កាត់ការកើតមានជាយថាហេតុនូវអគ្គិភ័យក្នុងមូលដ្ឋានរបស់ខ្លួន នៅក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ៕

ខាងក្រោមនេះជាសេចក្តីជូបដំណឹងរបស់រដ្ឋបាលរាជធានៅភ្នំពេញ៖