(ព្រះវិហារ)៖ លោក ហូ មនោ នាយករងខុទ្ទការល័យសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តំណាងលោក ហូ សិទ្ធី នាយកខុទ្ទកាល័យ អមដំណើរដោយលោកឧត្តមសេនីយ៍ទោ ផាន់ និមិត្ត នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារខុទ្ធការល័យសម្តេចមហាបវរធិបតី ចុះសួរសុខទុក្ខ សំណេះសំណាល និងនាំអំណោយចែកជូននាយទាហាន នាយទាហានរង និងពលទាហាន វរសេនាតូចលេខ៣៨៥ ជាអង្គភាពសម្ព័ន្ធមេត្រីភាព ដែលកំពុងឈរជើងនៅទិសតាថាវ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

លោក ហូ មនោ បានផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ និងជាអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់កងព័ព និងក្រុមគ្រួសារកងទ័ពគ្រប់ក្រុមគ្រួសារ ពិសេសនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ លោកសូមជូនពរបងប្អូនកងទ័ពនិងក្រុមគ្រួសារ មានសុខភាពល្អ និងទទួលជោគជ័យគ្រប់ភារកិច្ច។

លោក ហូ មនោ បានថ្លែងកោតសរសើរដល់បងប្អូនកងទ័ពទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត បូជាសាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ការពារតាមបន្ទាត់ព្រំដែន ពិសេសការពារបាននូវសុខសន្តិភាព អធិបតេយ្យភាពជាតិ។លោកក៏ថ្លែងអំពាវនាវដល់បងប្អូនកងទ័ពទាំងអស់ត្រូវរក្សាសុខភាពឱ្យបានល្អ ដោយសាររដូវនេះជារដូវក្តៅ ពិសេសសូមចូលរួមអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យមានប្រសិទ្ធិភាពខ្ពស់។

លោក ហូ មនោ ក៏បានថ្លែងអំណរគុណលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ, លោក ប៉ែន រដ្ឋា តំណាងអ្នកឧកញ៉ា ពង្ស ឃាវសែ អគ្គនាយកធានាគារកាណាឌីយ៉ា និងភូមិវប្បធម៍សៀមរាប, លោក អ៊ុន សាវន លោក វ៉ាន់ឆារស៌ ជួន លោក អ៊ូច ឌីណា លោក ហាក់ ចាន់រឿន លោក ឡុញ ហ៊ាល និងលោក តាំង ស៊ុយជា ដែលបានចូលរួមជាមួយខុទ្ទកាល័យសម្តេចធិបតី ឧបត្ថម្ភថវិកា និងសម្ភារជូនដល់កងទ័ព ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព។

នៅក្នុងឱកាសនោះ លោក ហូ មនោ ក៏បាននាំថវិកាខុទ្ធការល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនអង្គភាពកងទ័ពវរសេនាតូចលេខ៣៨៥ ចំនួន៥០០០ដុលា ចែកជូននាយទាហាន និងពលទាហាន ក្នុងម្នាក់ៗថវិកា១៦មុឺនរៀល និងថ្នាំពេទ្យមួយចំនួនផងដែរ៕