(ភ្នំពេញ)៖ អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចេញសេចក្តីអំពាវនាវ ស្ដីពីការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧នៅថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមថ្លែងនូវការកោតសរសើរប្រកបដោយក្តីមោទនភាពជាទីបំផុត ចំពោះអ្នកប្រើប្រាស់ផ្លូវដ៏ច្រើនលើសលប់ ដែលមានឆន្ទៈក្នុងការចូលរួមគោរព និងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកយ៉ាងផុសផុល រួមចំណែកក្នុងការកាត់បន្ថយការបាត់បង់ជីវិត រងរបួស និងការខូចខាតទ្រព្យសម្បត្តិដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នាពេលកន្លងទៅ។

ប៉ុន្តែតាមការកត់សម្គាល់ឃើញថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក តែងមានកំណើនខ្ពស់ នៅរាល់ឱកាសពិធីបុណ្យផ្សេងៗ ដែលបានបណ្ដាលឲ្យមាន កំណើនជនរងគ្រោះជាអតិបរមា និងមានការខូចខាត ទ្រព្យសម្បត្តិជាច្រើន។

ភាគច្រើន នៃគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីការបើកបរយានយន្តមិនគោរពច្បាប់ ឬធ្វេសប្រហែសដូចជា បើកបរលើសល្បឿនកំណត់ជែងក្នុងស្ថានភាពគ្រោះថ្នាក់ បើកបរក្នុងស្ថានភាពស្រវឹង និងមិនគោរពសិទ្ធិអាទិភាពជាដើម។

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូម
អំពាវនាវដល់សាធារណជនជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមមេត្តាខិតខំយកចិត្តទុកដាក់ ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក តាមវិធានការដូចខាងក្រោម៖

១៖ ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្តទោះជិត ឬឆ្ងាយ គ្រប់ពេលវេលា។
២៖ មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត និងបន្ថយល្បឿន ឬឈប់នៅផ្លូវប្រសព្វ។
៣៖ មិនត្រូវបើកបរក្រោយពេលពិសារគ្រឿងស្រវឹង និងជាដាច់ខាតមិនប្រើប្រាស់គ្រឿងញៀន។
៤៖ ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច។
៥៖ ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមរថយន្ត។
៦៖ មិនត្រូវបត់ ឬវ៉ាជែងក្នុងភាពប្រថុយប្រថាន ឬប្រើទូរស័ព្ទដោយគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង។
៧៖ ត្រូវត្រួតពិនិត្យលក្ខណបច្ចេកទេសយានយន្តជាប្រចាំ ពិសេសត្រួតពិនិត្យកង់ ចង្កូត ហ្រ្វាំង ភ្លើងបំភ្លឺ -ល-។
៨៖ សូមកុំផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់។ ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករមិនត្រូវ ផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល និងដាក់ឥវ៉ាន់សំពីងសំពោង និងសូមមេត្តាកុំដំឡើងថ្លៃ ធ្វើដំណើរក្នុងឱកាសនេះ។
៩៖ មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត។
១០៖ ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌យោគយល់អធ្យាស្រ័យ។
១១៖ មិនត្រូវលេងគប់ទឹក ឬប៉ាតម្សៅដល់អ្នកប្រើប្រាស់ផ្លូវ។

សូមបងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ គោរពអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឲ្យបានខ្ជាប់ខ្ជួន ដើម្បីថែរក្សាការពារអាយុជីវិតខ្លួនឯងផ្ទាល់ ដើម្បីភាពសុខដុមរមនាក្នុងក្រុមគ្រួសារ ការពារទ្រព្យ
សម្បត្តិឯកជន និងរបស់រដ្ឋ និងដើម្បីរួមគ្នាលើកកម្ពស់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់ប្រទេសជាតិយើង ដែលកំពុងតែមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ។

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មានសេចក្តីសង្ឃឹមជឿជាក់លើអ្នកប្រើប្រាស់ផ្លូវគ្រប់រូបក្នុងការចូលរួមគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដោយអនុវត្តតាមសេចក្ដីអំពាវនាវនេះ ប្រកប
ដោយស្មារតីយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ សំដៅនាំមកនូវសុវត្ថិភាព សណ្តាប់ធ្នាប់ និងសេចក្តីសុខសប្បាយរីករាយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណ៍ជាតិខាងមុខនេះ និងបន្តជារៀងរហូតទៅ៕