(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានណែនាំឲ្យមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធ ធ្វើយ៉ាងណាជំរុញការអភិវឌ្ឍន៍ និងកែច្នៃតំបន់ទេសចរណ៍ដែលមានស្រាប់ សំដៅស្រូបយក និងទាក់ទាញភ្ញៀវ ដើម្បីផ្ដល់ផលប្រយោជន៍ដែលទទួលបានមកពីធនធានសម្បូរទៅដោយសក្តានុពល ក្នុងន័យលើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង ជូនប្រជាពលរដ្ឋយើងក្នុងខេត្ត។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ ក្រុមជាង និងអ្នកសំអាតអនាម័យ ក្នុងក្រុងកំពត នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នៅទីធ្លាសាលាខេត្តកំពត។

លោកអភិបាលខេត្ត ម៉ៅ ធនិន បានបញ្ជាក់ទៀតថា ខេត្តកំពតគឺជាខេត្តមួយ ដែលពោពេញទៅដោយសក្តានុពលទេសចរណ៍ ហើយជាខេត្តមួយដែលភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ តែងតែមកកម្សាន្តលេងមិនចេះធុញទ្រាន់ ព្រោះមានកន្លែងដើរលេងកម្សាន្តច្រើន និងប្លែកៗ ពិសេសមានឆ្នេរកម្សាន្តជាប់មាត់ព្រែក រូបសំណាកសេះសមុទ្របាញ់ទឹក ទិដ្ឋភាពភ្នំបូកគោជាដើម។ល។ ដូច្នេះយើងទាំងអស់គ្នាត្រូវមានការកែច្នៃឱ្យបានស្អាត ហើយយើងត្រូវការស្ថាបនា និងការអភិវឌ្ឍតំបន់ទេសចរណ៍នានាក្នុងខេត្ត ឱ្យមានភាពទាក់ទាញ គឺដើម្បីកិត្តិនាម កិត្តិសព្ទរបស់ជនជាតិយើង និងតំកល់ឱ្យបាននូវកិត្តិយស កិត្តិសព្ទរបស់ប្រទេសយើង ជនជាតិយើង ក្រោមម្លប់នៃសុខសន្តិភាព ដែលយកមកដោយលំបាក និងការលះបង់គ្រប់បែបយ៉ាង របស់សម្តេចតេជោ ហ៊ុន សែន។

លោកអភិបាលខេត្ត បានបន្តថា ការស្ថាបនាឆ្នេរកម្សាន្តតាមបណ្តោយព្រែកកំពង់បាយ និងរូបសំណាកសេះសមុទ្រនេះ គឺជាការស្ថាបនាបឋមប៉ុណ្ណោះ ព្រោះខេត្តកំពតនៅមានសមិទ្ធិផលធំៗជាច្រើនទៀត។ ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណ ដល់ក្រុមកម្មករ ក្រុមជាង និងអ្នកសំអាតអនាម័យក្នុងក្រុងកំពតទាំងអស់ ដែលកន្លងមកបានចូលរួមយ៉ាងសកម្ម ក្នុងការធ្វើឱ្យខេត្តកំពតស្អាត និងលេចឡើងនូវសមិទ្ធិផលសំខាន់ៗជាច្រើន និងទាន់ពេលវេលា។

លោកអភិបាលខេត្ត ក៏បានជំរុញ និងលើកទឹកចិត្តដល់ក្រុមការងារ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបន្តចូលរួមឱ្យបានសកម្មបន្ថែមទៀតក្នុងការជួយកសាងនូវសមិទ្ធិផលដែលបម្រើឱ្យផលប្រយោជន៍ប្រជាពលរដ្ឋ ពិសេសប្រយោជន៍រួមសម្រាប់ខេត្ត។

លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលដ្ឋក្នុងខេត្តកំពតទាំងអស់ ត្រូវចូលរួមថែរក្សាអនាម័យបរិស្ថាន និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីលើកមុខមាត់ខេត្តរបស់យើង ឱ្យសាកសមជាខេត្តទេសចរណ៍។ បន្ទាប់ពីពិធីសំណេះសំណាលរួចមក លោកអភិបាលខេត្ត បានមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យទីតាំងសេះសមុទ្របាញ់ទឹក និងវេរ៉ង់ដាសួនត្រីផ្សោត ដែលជាទីតាំងត្រូវបើកឱ្យពលរដ្ឋ និងភ្ញៀវទេសចរចូលលេងកម្សាន្ត ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ៕