(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង មានកិត្តិយសសូមគោរពជម្រាបជូនដំណឹងដល់ សម្តេច ទ្រង់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ អាជីវករ ម្ចាស់ក្រុមហ៊ុន សហគ្រាស បងប្អូន ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ មេត្តាជ្រាបថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ និងក្រោមការចង្អុលណែនាំរបស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង រដ្ឋបាលខេត្តបានសហការជាមួយសហភាពសហព័ន្ធយុវជន កម្ពុជាខេត្តព្រៃវែង នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង» ២០២៤ ដែលនឹងប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ គឺចាប់ពី ថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។

ការរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង» ២០២៤នេះ គឺជាទំនៀមទំលាប់ប្រពៃណីជាតិខ្មែរដ៏ល្អផូរផង់តាំងពីបុរាណកាលមក ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបប្រារព្ធឡើង ក្នុងគោលបំណងអបអរសាទរទទួលទេព្តាឆ្នាំថ្មី សិរីសួស្តី ជ័យមង្គល និងជាឱកាសដ៏ល្អសម្រាប់ជួបជុំក្រុមគ្រួសារ។

ព្រឹត្តិការណ៍នេះ ក៏មានការប្រគុំតន្ត្រីសម័យ ការរាំលេងកំសាន្ត ការតាំងពិព័ណ៌បង្ហាញផលិតផល និងសម្ភារប្រើប្រាស់ក្នុងស្រុក លេងល្បែងប្រជាប្រិយ ការបង្ហោះគោម និងបាញ់កាំជ្រួច ពិសេសខេត្តមានរៀបចំកម្មវិធីលេង កំសាន្តតំបន់ត្រជាក់ចិត្ត (នៅសួនច្បារសម្តេច ជា ស៊ីម) និងព្រឹត្តិការណ៍កំសាន្តផ្សេងៗ រួមមាន៖ ការប្រឡងបវរកញ្ញាស្រីស្រស់ប្រុសស្អាត និងបវរកញ្ញាវ័យចំណាស់ អុកចត្រង្គ...(នៅសួនច្បារសម្តេចក្រឡាហោម ស ខេង) ដើម្បីបង្កបរិយាកាសសប្បាយរីករាយ។

សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញ សម្តេច ទ្រង់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ អាជីវករ ម្ចាស់ក្រុមហ៊ុន សហគ្រាស បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ដើម្បីចូលរួមកម្សាន្តសប្បាយរីករាយឲ្យបានច្រើនកុះករ និងអធិកអធម ដើម្បីរួមចំណែកលើកកម្ពស់វប្បធម៌ ប្រពៃណីជាតិខ្មែរ កិត្យានុភាពជាតិ ពិសេសសក្តានុពលនៃខេត្តព្រៃវែង៕