(ភ្នំពេញ)៖ ស្ថានទូតឥណ្ឌារាជធានីភ្នំពេញ សហការជាមួយមជ្ឈមណ្ឌលអន្តរជាតិ Dr. Ambedkar ទីក្រុងញូវដេលី ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ រាជធានីភ្នំពេញ និងក្រសួងធម្មការ និងសាសនាកម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ បានរៀបចំសន្និសីទអន្តរជាតិស្តីពី ការចូលរួមចំណែករបស់បណ្ឌិត B.R. Ambedkar ក្នុងការតាក់តែងច្បាប់រដ្ឋធម្មនុញ្ញឥណ្ឌា ការកសាងប្រទេសជាតិ ទស្សនៈស្តីពីព្រះពុទ្ធសាសនា និងដើម្បីរំលឹកដល់ថ្ងៃកំណើតរបស់លោកបណ្ឌិត ដែលបញ្ញវន្តដ៏អស្ចារ្យបំផុតមួយរបស់ប្រទេសឥណ្ឌា។

ពិធីនេះដែរ បានធ្វើឡើងនៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ក្រោមអធិបតីភាពលោក ងួន ស្តេចភក្តី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងលោកស្រីណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា និងមានការចូលរួមពីលោក លោកស្រី គណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិកសិក្សា និងនិស្សិតជាច្រើនទៀតផងដែរ។

ថ្លែងនាឱកាសនោះលោក ងួន ស្តេចភក្តី បានឱ្យដឹងថា កម្មវិធីរំលឹកដល់ស្នាដៃរបស់បណ្ឌិត B.R.Ambedkar ពិតជាមានអត្ថន័យខ្លឹមសារ និងជាការចងចាំដ៏មានសារៈសំខាន់មួយ ពីព្រោះវីរភាព និងការតស៊ូរបស់លោកបណ្ឌិត ក្នុងការស្ដារឡើងវិញនូវសិទ្ធិ សេរីភាព ប្រជាធិបតេយ្យ ការលុបបំបាត់នូវភាពរើសអើង ហើយជាពិសេសគឺការលើកស្ទួយនូវព្រះពុទ្ធសាសនា និងយកធម៌របស់ព្រះពុទ្ធអង្គជាមាគ៌ាក្នុងការកសាងនូវសន្តិភាព ស្ថេរភាព និងសុខដុមរមនា។

លោក ងួន ស្តេចភក្តី បានបន្ថែមថា លោកបណ្ឌិត Ambedkar ជាអ្នកកែរទម្រង់សង្គមសេដ្ឋកិច្ច និងជាអ្នកនយោបាយរបស់សាធារណរដ្ឋឥណ្ឌា និងជាអ្នកបញ្ឈប់ការរើសរើងនៅគ្រប់ស្រទាប់វណ្ណះនៅក្នុងប្រទេសឥណ្ឌា លោកក៏ជាអ្នកយកទ្រឹស្តី និងមាគ៍ារបស់ព្រះសម្មាសម្ពុទ្ធ ដើម្បីផ្សាភ្ជាប់និងផ្លូវច្បាប់ និងព្រះពុទ្ធសាសនានៅក្នុងប្រទេសឥណ្ឌាផងដែរ។

លោក ងួន ស្តេចភក្តី បានបន្ថែមថា តាមរយៈកម្មវិធីរំលឹកដល់ស្នាដៃរបស់ Dr. Bhimrao Ramji Ambedkar ក៏ជាប្រវត្តិសាស្ត្រដ៏ល្អមួយសម្រាប់អ្នកសិក្សាផង ហើយក៏ជាការលើកទឹកចិត្តដល់យុវជនទាំងអស់ ដែលត្រូវមានមនសិការចេះស្រលាញ់ជាតិ សាសនា ព្រះមហាក្សត្រផងដែរ។

លើកឡើងនាឱកាសនោះលោកស្រីណ្ឌិត Devyani Uttam Khobragade បានឱ្យដឹងថា លោកបណ្ឌិត B.R. Ambedkar គឺជាបញ្ញវន្តដ៏អស្ចារ្យបំផុតមួយរបស់ប្រទេសឥណ្ឌា រដ្ឋបុរសដែលមើល​ឃើញឆ្ងាយ មនុស្សធម៌ សេដ្ឋវិទូ អ្នកសិក្សាពូកែ អ្នកនិយាយ និងអ្នកនិពន្ធដ៏អស្ចារ្យ។ លោកជាអ្នកប្រាជ្ញផ្នែកច្បាប់យ៉ាងពិតប្រាកដ អ្នកជំនាញខាងរដ្ឋធម្មនុញ្ញនៃចក្ខុវិស័យលទ្ធិប្រជាធិបតេយ្យពិសេស ហើយសំខាន់ជាងនេះទៅទៀតគឺជាអ្នកកសាងជាតិដ៏អស្ចារ្យ។ តាមសម្ដីរបស់គាត់ ទស្សនវិជ្ជារបស់គាត់ត្រូវបានដាក់បញ្ចូលក្នុងសេរីភាព សមភាព ភាតរភាព និងយុត្តិធម៌សង្គម។

លោកស្រីណ្ឌិត Devyani Uttam Khobragade បានបន្ថែមថា លោកបណ្ឌិត B.R. Ambedkar ជឿថា ឧត្តមគតិនៃសិទ្ធិមនុស្សជាសកល ការពឹងផ្អែកលើខ្លួនឯង និងការតស៊ូដោយអហិង្សា ដែលបានបង្ហាញក្នុងពាក្យស្លោក «សេរីភាព សមភាព ភាតរភាព» និង «អប់រំ ញុះញង់ រៀបចំ» ដែលមានមូលដ្ឋាននៅក្នុងព្រះធម៌ ដែលជាពុទ្ធវចនៈរបស់ព្រះសម្មាសម្ពុទ្ធផងដែរ៕