(កោះកុង)៖ លោកវរសេនីយ៍ទោ ដូង វណ្ណា អធិការនគរបាលស្រុកស្រែអំបិល នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ បានណែនាំកម្លាំងនគរបាលទាំងអស់ បន្តថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈឲ្យកាន់តែល្អប្រសើរ ដើម្បីការពារជូនប្រជាពលរដ្ឋ ក្នុងដំណើរកម្សាន្ត ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិ។

លោកវរសេនីយ៍ ដូង វណ្ណា បានថ្លែងថា ដោយអនុវត្តន៍ទៅបទបញ្ជាអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអនុវត្តន៍តាមបទបញ្ជារបស់អាជ្ញាធរខេត្ត និងលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្ត ដូច្នេះកម្លាំងនគរបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ និងអនុវត្តន៍ការងារឲ្យមានប្រសិទ្ធភាព ព្រមទាំងរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈទីប្រជុំជនវត្តអារាម ការពារសុវត្ថិភាពឲ្យល្អប្រសើរ ជូនប្រជាពលរដ្ឋការចូលរួមអបអរសាទរថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

លោកអធិការបានបញ្ជាក់ថា «កន្លងមកកម្លាំងនគរបាលយើង បានធ្វើកិច្ចការនេះបានល្អប្រសើរហើយ ប៉ុន្តែយ៉ាងណាក៏ដោយ មន្ត្រីនគរបាលយើងត្រូវតែបន្តធ្វើឱ្យល្អថែមទៀត ដើម្បីធានាឲ្យការរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋ បានសុខសាន្ត ពោលគឺមិនមានការរំខានដោយគ្រឿងញៀន ដោយអំពើចោរកម្ម ល្បែងស៊ីសង ឬបទល្មើសនានា ការរស់នៅរបស់ប្រជាពលរដ្ឋ និងស្របទៅតាមគោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាពរបស់រដ្ឋាភិបាល ត្រូវពង្រឹងផ្នែកណាដែលនៅសេសសល់ យករឿងនោះមកសិក្សា និងធ្វើការឱ្យបានហ្នត់ចត់ ប្រកបដោយការទទួលខុសត្រូវនូវមុខងារ ក្នុងនាមយើងជាមន្ត្រីនគរបាលយុត្តិធម៌»

លោកអធិការសូមឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះភ្លើង ធូប ទៀន ឲ្យបានខ្ពស់ និងសូមឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការណ៍ជាមួយសមត្ថកិច្ចឲ្យបានគ្រប់ពេលវេលា។ លោកបានបញ្ជាក់ថា កម្លាំងអធិការបានត្រៀមលក្ខណៈសម្បត្តិសម្ភារឧបករណ៍សម្រាប់ជួយអន្តរគមន៍នៅពេលប្រជាពលរដ្ឋជួបហេតុការណ៍អ្វីដែលកើតឡើង៕