(កំពត)៖ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ គិតចាប់ពីបែកគុស ដល់ទីរួមស្រុកកំពង់ត្រាច គិតមកដល់ពេលបច្ចុប្បន្ន គម្រោងនេះសម្រេចវឌ្ឍនភាពការងារបាន ៨០%ហើយ និងគ្រោងបញ្ចប់ការងារតួផ្លូវទាំងស្រុង១០០% ព្រមទាំងបើកឱ្យចរាចរណ៍ នៅក្នុងខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងស្ដារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣១។

លើកឡើងនាឱកាសចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ នាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤នេះលោក ខាន់ ម៉ាណេរ បានបញ្ជាក់ទៀតថា ចំពោះការបំពាក់បរិក្ខារផ្លូវថ្នល់ បន្ថែមប្រព័ន្ធបង្ហូរទឹកសងខាងផ្លូវ និងការងារបន្ថែមមួយចំនួនផ្សេងទៀត អាចនឹងបញ្ចប់នៅចុងឆ្នាំ២០២៤នេះ មានន័យថា គម្រោងនឹងបញ្ចប់មុនកិច្ចសន្យាសាងសង់១ឆ្នាំ។

លោក ខាន់ ម៉ាណេរ អះអាងទៀតថា វឌ្ឍនភាពការងារលឿនជាងកិច្ចសន្យាសាងសង់បែបនេះ គឺជាសក្ខីភាពបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយបានចង្អុលបង្ហាញឱ្យចុះត្រួតពិនិត្យដោយផ្ទាល់ ក៏ដូចជាចាត់មន្ត្រីបច្ចេកទេសពាក់ព័ន្ធ សហការជាមួយភាគីក្រុមហ៊ុនសាងសង់ CRBC និងក្រុមហ៊ុនត្រួតពិនិត្យលក្ខណៈបច្ចេកទេសចុះពិនិត្យជាប្រចាំ ក្នុងគោលបំណងតាមដានការងារបច្ចេកទេសសាងសង់ ឱ្យស្របទៅតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ ធានាបាននូវសំណង់ផ្លូវថ្នល់ប្រកបដោយគុណភាពរឹងមាំ និងអាចមានអាយុកាលប្រើប្រាស់បានយូរអង្វែង។

សូមជម្រាបដែរថា៖ វឌ្ឍនភាពការងារគម្រោងស្ដារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣១ គិតត្រឹមថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ សម្រេចបាន៖ ការងារបំពេញឡើងកូដ ១០០% ការងារសាងសង់លូកាត់ទទឹងផ្លូវ ៩៧% ការងារស្រទាប់ Sub Base ជាន់ទី១ ចំនួន១០០% ការងារស្រទាប់ Sub Base ជាន់ទី២ ចំនួន ១០០% ការងារស្រទាប់ Base Course ជាន់ទី១ ចំនួន៩០,៥% ការងារស្រទាប់ Base Course ជាន់ទី២ ចំនួន ៩០,៥%, ការងារស្រទាប់ AC ជាន់ទី១ ចំនួន៧២,៥១% ការងារសាងសង់ផ្លូវវាងទី១ ចំនួន៦០% ការងារសាងសង់ផ្លូវវាងទី២ ចំនួន៨០% ការងារសាងសង់លូមូលបណ្តោយផ្លូវ គ.ម៧ ចំនួន៩០% ដោយគ្រោងបញ្ចប់ការតួផ្លូវ ១០០% និងបើកចរាចរណ៍ទាំងស្រុងនៅខែមិថុនា ឆ្នាំ២០២៤៕