(ពោធិ៍សាត់)៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពស.២៥៦៨ គស.២០២៤ ដែលនឹងត្រូវឈានចូលមកដល់ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ, នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ មកចែកជូនដល់កងកម្លាំងប្រដាប់អាវុធ និងកម្លាំងសមត្ថកិច្ចជំនាញ ដែលកំពុងឈរជើង នៅទិសទី៤ យោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។

ពិធីនេះត្រូវបានធ្វើឡើង នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នៅពីរទីតាំងផ្សេងគ្នា គឺនៅបរិវេណបឋម និងអនុវិទ្យាល័យកំពង់ហ្លួង ស្រុកក្រគរ និងនៅសាលប្រជុំសាលាស្រុកវាលវែង ដោយបានការចូលរួមពី លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញគ្រប់គ្រងដែនទឹក ដែនគោកមួយចំនួនទៀត។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សៅ សុខា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់កម្លាំងចម្រុះដែលកំពុងប្រតិបត្តិការនៅលើផ្ទៃទឹកបឹងទន្លេសាប និងអនុគណៈកម្មការ ទាំង១០ក្រុម ដែលបានខិតខំបំពេញបេសកកម្ម ក្នុងកិច្ចការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានយ៉ាងសកម្ម ដល់គ្រប់គោលដៅទាំងអស់ ដោយទទួលបានជោគជ័យ គួរជាទីមោទនៈ។

នាយឧត្តមសេនីយ៍ បានពាំនាំនូវការផ្ដាំផ្ញើ និងការសាកសួរសុខទុក្ខនឹករលឹកពីសំណាក់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ និងសូមជូនពរដល់កងកម្លាំង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពស.២៥៦៨ គស.២០២៤ សូមទទួលបាននូវពុទ្ធពរ ទាំង៤ប្រការ៖ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមឱ្យការធ្វើដំណើរ ទទួលបានសុខសុវត្ថិភាព។

ឆ្លៀតក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សៅ សុខា និងលោក ខូយ រីដា ក៏បាននាំយកថវិកា ប្រមាណជិត៤០លានរៀល មកចែកជូនដល់កម្លាំងដែលកំពុងប្រតិបត្តិការនៅលើផ្ទៃទឹកបឹងទន្លេសាប និងអនុគណៈកម្មការ ទាំង១០ក្រុម ដោយក្នុងម្នាក់ៗ ទទួលបានថវិកា១០ម៉ឺនរៀល) និងបានប្រគល់ភេសជ្ជៈបាកាស ត្រីខកំប៉ុង និងទឹកបរិសុទ្ធបានមួយចំនួនធំផងដែរ។

គួរជម្រាបជូនថា ក្នុងរយៈពេលជាង០១ខែកន្លងមកនេះ កម្លាំងកងអន្តរាគមន៍កងរាជអាវុធហត្ថ និងកម្លាំងកងទ័ព ក៏បានសហការជាមួយកម្លាំងនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីជួយគាំទ្រ និងចុះប្រតិបត្តិការ នៅលើគោលដៅសំខាន់ៗចំនួន១០ ក្នុងស្រុកវាលវែង និងស្រុកភ្នំក្រវាញ នៃខេត្តពោធិ៍សាត់ រួមមាន៖
*គោលដៅទី១ (ចំណុចខ្នង១៦ ក្នុងភូមិអូរសួស្តី ឃុំថ្មដា ស្រុកវាលវែង),
*គោលដៅទី២ (ចំណុចជើងភ្នំប្រើស ដល់ទឹកធ្លាក់ថ្មចាំង និងចំណុចច្រកចង្អៀត ក្នុងភូមិក្រពើពីរលើ ឃុំក្រពើពីរ ស្រុកវាលវែង),
*គោលដៅទី៣ (ចំណុចអូរ១ ចំណុចអូរ២ ក្នុងភូមិអូរដីខ្មៅ ឃុំអន្លង់រាប និងចំណុចជើងភ្នំក្រឡឹង តាមជើងជញ្ជាំងភ្នំ ក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង),
*គោលដៅទី៤ (ចំណុចសហគមន៏ក្រាំងរងៀង ក្នុងភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង),
*គោលដៅទី៥ (ចំណុចភ្នំតាងិល និងចំណុចថ្មសំលៀង ក្នុងភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង),
*គោលដៅទី៦ (ចំណុចជើងភ្នំខ្មោច ក្នុងភូមិចំការជ្រៃខាងត្បូង និងចំណុចជើងភ្នំ១៥០០ ចំណុច៨០ ក្នុងភូមិអូរ១៧ ឃុំអន្លង់រាប ស្រុកវាលវែង),
*គោលដៅទី៧ (ចំណុចខាងមុខ និងចំណុចខាងក្រោយភ្នំលោកតាគ្រី ក្នុងភូមិដូននាគ ឃុំប្រម៉ោយ រហូតដល់ព្រំប្រទល់ភូមិកំប៉ង ឃុំក្រពើពីរ ស្រុកវាលវែង),
*គោលដៅទី៨ (ចំណុចស្រែយក្ស និងចំណុចខ្នងភ្នំព្រះអាទិត្យ ក្នុងភូមិកំប៉ង ឃុំក្រពើពីរ ស្រុកវាលវែង),
*គោលដៅទី៩ (ចំណុចម៉ុងរី ក្នុងភូមិដូងឃ្លៀង ឃុំប្រម៉ោយ និងព្រំប្រទល់ខាងស្រុកភ្នំក្រវាញ),
*គោលដៅទី១០ (ចំណុចអូរទី២ អូរតាសូ ជើងភ្នំសុគុណ ក្រោយសហគមន៍ផ្ទះ១ ក្នុងភូមិស្ទឹងថ្មី ភូមិមន្ទីរពេទ្យចាស់ ភូមិផ្ចឹកជ្រុំ ភូមិឈើទាលជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង) ដោយទទួលបានលទ្ធផលផ្លែផ្កាគាប់ប្រសើរ៕