(វៀងចន្ទន៍)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំរណសិរ្ស៣ប្រទេស កម្ពុជា-ឡាវ-វៀតណាម នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤។

សម្តេចកិត្តិសង្គហបណ្ឌិតបានលើកឡើងថា ឆ្នាំនេះគឺជាកិច្ចប្រជុំលើកទី៥ រវាងក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា, គណ:កម្មាធិការមជ្ឈិម រណសិរ្សអភិវឌ្ឍនជាតិឡាវ និងគណ:កម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម នៃដំណាក់កាល ២០២៤-២០២៧។

នៅក្នុងកិច្ចប្រជុំនោះ ប្រទសទាំង៣បានលើកឡើងអំពីវឌ្ឍនភាពរបស់រណសិរ្សនីមួយៗ និងបានចែករំលែកនូវបទពិសោធន៍ទៅវិញទៅមកក្នុងបរិយាកាសយ៉ាងស្និទ្ធស្នាល។

បន្ទាប់មកទៀត រណសិរ្សនៃប្រទសទាំង៣ក៏មានឯកភាពគ្នា និងចុះហត្ថលេខាលើអនុស្សរណៈនៃយោគយល់គ្នា ដំណាក់កាល ២០២៤-២០២៧ ដើម្បីបន្តកិច្ចសហប្រតិបត្តិការនៃប្រទេសទាំង៣ ដើម្បីជំរុញការពង្រឹង និងពង្រីកសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំង៣ កាន់តែទូលំទូលាយ រឹងមាំ ស្ថិតស្ថិរគង់វង្សយូរអង្វែង​៕