(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក ឡុង ធាម ប្រធានស្ដីទីក្រុមប្រឹក្សាខេត្ត ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះរចនាសម្ព័ន្ធសាលាខេត្តត្បូងឃ្មុំទាំងអស់ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ នៅសាលាខេត្តត្បូងឃ្មុំ។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះមន្ត្រីរាជ ការគ្រប់លំដាប់ថ្នាក់។ ក្រោមម្លប់សន្តិភាពប្រទេសជាតិ មានការអភិវឌ្ឍរីកចម្រើនធ្វើឱ្យកំណើនសេដ្ឋកិច្ចមានការកើនឡើងធានាបាននិរន្តរភាពសម្រាប់សេដ្ឋកិច្ចជាតិមានការរីកចម្រើនជាបន្តបន្ទាប់។

ជាមួយគ្នានោះ លោកបណ្ឌិតអភិបាលខេត្តបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃរដ្ឋបាលសាលាខេត្ត ដែលបានចូលរួមអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមតួនាទីភារកិច្ចរៀងៗខ្លួន ក្នុងអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាល ដើម្បីកំណើនសមធម៌ និងប្រសិទ្ធភាពការងារ រយៈពេលពេញ១ឆ្នាំកន្លងមក។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៍បានក្រើនរំលឹក ក្នុងការធ្វើដំណើរតាមដងផ្លូវសូមមានការប្រុងប្រយ័ត្នខ្ពស់ និងមានការអធ្យាស្រ័យ និងយោគយល់គ្នាទៅវិញទៅមកក្នុងការបើកបរ ព្រោះនៅតាមដងផ្លូវមានការធ្វើចរាចរណ៍ច្រើននៅថ្ងៃបុណ្យចូលឆ្នាំថ្មី ដើម្បីឲ្យការដើរកម្សាន្តទីជិតឆ្ងាយរបស់យើងទទួលបាននូវសេចក្តីសុខ សុវត្ថិភាពទាំងអស់គ្នា។

ក្នុងឳកាសឆ្នាំថ្មី លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ថា ខេត្តត្បូងឃ្មុំនឹងរៀបចំកម្មវិធី «សង្រ្គាន្តត្បូងឃ្មុំ» រយ:ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០២៤ ដូចឆ្នាំមុនៗដែរ នៅបរិវេណរង្វង់មូលមុខសាលាខេត្ត សម្រាប់ជូនប្រជាពលរដ្ឋ និងទទួលភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ បានមកចូលរួមលេងកម្សាន្ត សប្បាយរីករាយឲ្យបានច្រើន ក្នុងឱកាស បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរយើងនៅខេត្តត្បូងឃ្មុំនេះផងដែរ។

ក្នុងឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានចែកប័ណ្ណប្រេងសាំង និងថវិកាមួយចំនួន ដល់ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ចំណុះឱ្យសាលាខេត្តត្បូងឃ្មុំ ជាការលើកទឹកចិត្តក្នុងការខិតខំបំពេញការងារកន្លងមកផងដែរ។

សូមជម្រាបថា៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំតំបន់ប្រមូលផ្ដុំ បុរីរដ្ឋបាលខេត្ត ឲ្យមានភាពស្រស់ត្រកាល នាពេលរាត្រីទៅតាមដងផ្លូវ វិថីនានា ក្នុងទីរួមខេត្ត មានស្លាកស្វាគមន៍ដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ អញ្ជើញមកចូលរួម ក្នុងព្រឹត្តិការណ៍សង្រ្កាន្តត្បូងឃ្មុំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរយើង ដើម្បីបង្កលក្ខណៈឲ្យបងប្អូនសប្បាយរីករាយ ក្រោមម្លប់សន្តិភាពក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕