(ស្ទឹងត្រែង)៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និង លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកនូវអំណោយមានជាថវិកា និងគ្រឿងឧបភោគបរិភោគជូនដល់កងកម្លាំងប្រដាប់អាវុធឈរជើងការពារ តាមបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខិតជិតមកដល់។

ថ្លែងនាឱកាសនោះ អភិបាលខេត្តស្ទឹងត្រែងពាំនាំនូវការសួរសុខទុក្ខដល់កងកម្លាំងពីសំណាក់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ និង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផៃ្ទ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីដែលនឹងចូលមកដល់នៅក្នុងពេលដ៏ខ្លីខាងមុខ។

អភិបាលខេត្តស្ទឹងត្រែងបានថ្លែងថា ការក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងបន្តដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត អាណត្តិទី៧នេះ បាននាំប្រទេសជាតិនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។សម្តេចបានយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋនិងកងកម្លាំងយើង ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ជាពិសេសការចុះជួបសំណេះសំណាលពីថ្នាក់ដឹកនាំខេត្តនាពេលនេះក៏ជាការយកចិត្តទុកដាក់ចង់ដឹងសុខទុក្ខកងកម្លាំងផងដែ។

អភិបាលខេត្តប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបន្តថា ការចុះសួរសុខទុក្ខដល់កងកម្លាំងប្រដាប់អាវុធ ដែលឈរជើងជួរមុខ ការពារខ្សែបន្ទាត់ព្រំដែនជាការផ្សារភ្ជាប់រវាងសមរភូមិក្រោយ និងសមរភូមិមុខ បង្កើននូវការទំនាក់ទំនងគ្នាឲ្យកាន់តែល្អ ក្នុងការទ្រទ្រង់នូវជីវភាព និងភាពចាំបាច់របស់កងទ័ព ពិសេសកងកម្លាំងអនុសេនាតូចទី១ ផ្នែកសឹករងស្រុកសៀមប៉ាងនៅចំណុចកោះទន្សាយ និងកងកម្លាំងទីបញ្ហាការប្រចាំទិស នៃបញ្ហាការដ្ឋានយោធភូមិភាគទី១ និងកងកម្លាំងនគរបាលវរការពារព្រំដែនគោក៧០១ និងកងកម្លាំងកងរាជអាវុធហត្ថ៧៤៧ ឈរជើងនៅតាមព្រំដែនកម្ពុជា-ឡាវ ដែលកំពុងឈរជើងការពារបូរណាភាពទឹកដីនាពេលនេះ។ អភិបាលខេត្ត បានសម្តែងនូវការគោរពកោតសរសើរ ដឹងគុណចំពោះវីរភាព ការលះបង់ ការតស៊ូ និងការធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី និងប្រជាជនរបស់កងទ័ពយើង។ លោកក៏បានផ្តាំផ្ញើដល់កងកម្លាំងគ្រប់កងឯកភាព ត្រូវបន្តកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងគ្នាឲ្យបានល្អ ជាមួយកងកម្លាំងជាមួយបណ្តាប្រទេសជាមិត្ត និងត្រូវក្តាប់ឲ្យបានសភាពការណ៍នៅតាមបណ្តោយព្រំដែនដែលខ្លួនកំពុងឈរជើងការពារ។

គួរបញ្ជាក់ថា អំណោយគណៈបញ្ជាការឯកភាពខេត្តស្ទឹងត្រែងប្រគល់ជូនកងអនុសេនាតូចទី១ ផ្នែកសឹករងសៀមប៉ាងនៅចំណុចកោះទន្សាយទទួលបានអង្ករខ្មែរប្រណិត៤.០០០គ.ក្រ មីម៉ាៗ២៤កេសធំ ស្មើ១៤៤កេសតូច ត្រីខកំប៉ុង២៤កេស ទឹកស៊ីអ៊ីវ២៤កេស ទឹកត្រី២៤កេស ទឹកបរិសុទ្ធ៥០កេស ស័ង្កសី៦០០សន្លឹក និងថវិការចំនួន ៦.០០០.០០០រៀល(៦លានរៀលគត់)។  និង ទីបញ្ហាការ ប្រចាំទិស នៃបញ្ហាការដ្ឋានយោធភូមិភាគទី១ ទទួលបានអង្ករខ្មែរប្រណិត២.០០០ គ.ក្រ មីម៉ាៗ ១២កេសធំ ស្មើ ៧២ កេសតូច ត្រីខកំប៉ុង១២ កេស ទឹកស៊ីអ៊ីវ ១២ កេស ទឹកត្រី១២ កេស ទឹកបរិសុទ្ឋ២០ កេស  និងថវិការចំនួន ២.០០០.០០០រៀល(២លានរៀលគត់)៕

ក្នុងនោះដែលអំណោយរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ ជូនកងកម្លាំង នគរបាល វរៈការពារព្រំដែនគោក ៧០១ ទទួលបាន អង្ករខ្មែរប្រណិត៣.០០០ គ.ក្រ មីម៉ាៗ១៦  ស្មើនឹង ៩៦ កេសតូច .ត្រីខកំប៉ុង ១៦ កេស ទឹកស៊ីអ៊ីវ ១៦ កេស ទឹកត្រី ១៦ កេស ទឹកបរិសុទ្ឋ៤០ កេស . ស័ង្គសី ២០០សន្លឹក និងថវិការចំនួន ៤.០០០.០០០រៀល(៦លានរៀលគត់) និងជូនដល់កងកម្លាំងកងរាជអាវុធហត្ថ ៧៤៧ ទទួលបាន អង្ករខ្មែរប្រណិត២.០០០ គ.ក្រ មីម៉ាៗ ១២ កេសធំ  ស្មើនឹង ៧២ កេសតូច .ត្រីខកំប៉ុង ១២ កេស ទឹកស៊ីអ៊ីវ ១២ កេស ទឹកត្រី ១២ កេស ទឹកបរិសុទ្ឋ២០ កេស . និងថវិការចំនួន ២.០០០.០០០រៀល(៦លានរៀលគត់)៕