(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានណែនាំដល់មន្ត្រីសាលាខេត្ត មន្ត្រីមន្ទីរអង្គភាពជុំវិញខេត្ត ត្រូវចេះសហការគ្នា ស្រឡាញ់គោរពគ្នា និងរក្សាបាននូវក្រមសីលធម៌ល្អក្នុងសង្គមការងារ និងសង្គមគ្រួសារ ពោលមន្ត្រីរាជការត្រូវធ្វើជាគំរូល្អដល់ពលរដ្ឋ ហើយមន្ត្រីម្នាក់ៗត្រូវមានទាំងធនធានមនុស្ស និងធនធានជាតិ។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការចំណុះសាលាខេត្តប្រមាណជាង៣០០នាក់ នៅមុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរចូលមកដល់ដែលបានជួបជុំប្រព្រឹត្តធ្វើឡើង នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពត។

លោកអភិបាលខេត្ត បានបន្តណែនាំដល់មន្ត្រីទាំងអស់ សូមបន្តធ្វើជាមន្ត្រីរបស់ប្រជាជន បម្រើប្រជាជន បម្រើប្រទេសជាតិដោយស្មោះត្រង់ត្រូវធ្វើខ្លួនជាគំរូល្អដល់ប្រជាពលរដ្ឋ ប្រឹងប្រែងបំពេញការងារ បន្តអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនម្នាក់ៗ។

លោកបន្តទៀតថា ដើម្បីបង្ហាញអំពីការគិតគូរដល់មន្ត្រីរាជការ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ ក្នុងនាមថ្នាក់ដឹកនាំខេត្ត រដ្ឋបាលខេត្តតែងតែមានរបស់កំដរដៃជូនដល់មន្ត្រីរាជការ ដើម្បីយកទៅជូនក្រុមគ្រួសារ ធ្វើបុណ្យទានតាមប្រពៃណីខ្មែរ ហើយការសំណេះសំណាលលើកនេះ គឺជាលើកទី៦ហើយ លោកអភិបាលខេត្តសង្ឃឹមថាវប្បធម៌មួយនេះ នឹងដុះនៅក្នុងផ្នត់គំនិតរបស់មន្ត្រី នៅពេលដែលខ្លួនក្លាយទៅជាអ្នកដឹកនាំ ត្រូវបន្តវប្បធម៌មួយនេះតទៅទៀត។

ក្រោយពិធីសំណេះសំណាលចប់ រដ្ឋបាលខេត្ត ក៏បានរៀបចំពិធីចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីមង្គល ជូនមន្ត្រីរាជការ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលកម្មវិធីទាំងពីរក៏មានការចូលរួម ពីលោក ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី មន្ត្រីរាជការចំណុះសាលាខេត្តទាំងអស់ និងមានការអញ្ជើងក្រុមសីល្បៈ មកសម្តែងរបាំត្រុដិ ដើម្បីដេញឧបទ្រពចង្រៃចេញឱ្យអស់ពីសាលាខេត្តផងដែរ៕