(ភ្នំពេញ)៖ លោក សាន សាង អតីតសមាជិកគណៈកម្មការនាយករបស់គណបក្ស សម រង្ស៉ី បានមើល​ឃើញថា កំហុសនៃការដឹកនាំដែលគ្មានយុទ្ធសាស្ត្រអ្វីទាំងអស់ របស់លោក សម រង្ស៉ី គឺជាដើមចមដ៏ធំ​ដែល​នាំបក្សប្រឆាំងកាន់តែរិចរិល ហើយជីវិតនយោបាយរបស់លោក សម រង្ស៉ី រំកិលទៅរកការអស្តង្គត។

និយាយដល់រឿងកង្វះយុទ្ធសាស្ត្រ នៃការដឹកនាំរបស់លោក សម រង្ស៉ី, លោក សាន សាង ក៏នឹកឃើញដល់​ព្រឹត្តិការណ៍លោក សម រង្ស៉ី ដកបង្គោលតម្រុយព្រំដែនកម្ពុជា​-វៀតណាម កាលពីឆ្នាំ២០០៩ ដែលនាំឱ្យ​មាន​ទោសទណ្ឌគេចខ្លួននៅក្រៅស្រុកអស់ជាច្រើនឆ្នាំ។

ពាក់ព័ន្ធការដកបង្គោលតម្រុយព្រំដែន នៅក្នុងភូមិកោះក្បាន ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង កាល​ពី​ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០៩ លោក សាន សាង បានរំលឹកថា គោលបំណងធំនៃការចុះទៅ​ខេត្ត​ស្វាយ​រៀងនាពេលនោះ គឺធ្វើបុណ្យកឋិននៅវត្តមួយជាប់ព្រំដែន គឺមិនមានផែនការត្រូវចុះទៅមើល​ព្រំ​ដែន ឬដក​បង្គោល​ព្រំដែនអ្វីនោះឡើយ។

ស្រាប់តែពេលចុះទៅដល់វត្តជាប់ព្រំដែន ក៏បង្ហួសទៅដកបង្គោលតម្រុយព្រំដែនតែម្តង។ លោក សាន សាង បានលើកឡើងថា ការដកបង្គោលព្រំដែនជាកំហុសមួយទៅហើយ ដ្បិតថាក្នុងនាមជាប្រធានបក្ស​នយោបាយមួយ គ្មានសិទ្ធិក្នុងការដកបង្គោលព្រំដែននោះឡើយ។ ប៉ុន្តែរឿងកាន់តែធំទៀតនោះ ក្រោយ​ពេលដកហើយ នាំយកបង្គោលព្រំដែនទាំងនោះមករក្សាទុកនៅទីស្នាក់ការគណបក្សទៀត។

ផ្តើមចេញពីរឿងដកបង្គោលតម្រុយព្រំដែននេះ ធ្វើអាជ្ញាធរខេត្តស្វាយរៀងប្តឹង ហើយលោក សម រង្ស៉ី ក៏រត់​គេចខ្លួននៅក្រៅប្រទេស រហូតដល់ខែកក្កដា ឆ្នាំ២០១៣ ទើបបានត្រឡប់ចូលប្រទេសវិញ បន្ទាប់​ពីធ្វើ​លិ​ខិត​សុំទោសសម្តេចតេជោ ហ៊ុន សែន។

លោក សាន សាង រំលឹករឿងនេះឡើង គឺចង់បង្ហាញពីរបៀបធ្វើនយោបាយរបស់លោក សម រង្ស៉ី ដែល​ធ្វើ​តាមអារម្មណ៍នឹកឃើញ ដោយគ្មានការគូសវាសផែនការអ្វីទាំងអស់។ សម្រាប់លោក សាន សាង ការធ្វើ​នយោ​បាយគ្មានផែនការ គ្មានការគិតគូរជាមុនឱ្យបានច្បាស់លាស់នេះហើយ ទើបធ្វើឱ្យបក្សប្រឆាំងបរា​ជ័យលើសមរភូមិប្រជាធិបតេយ្យ ហើយជីវិតនយោបាយរបស់លោក សម រង្ស៉ី ដើរដល់ទីបញ្ចប់ដូចពេលបច្ចុប្បន្ន៕