(ពោធិ៍សាត់)៖ នៅអនុវិទ្យាល័យបឋមសិក្សា កំពង់លួង ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានអញ្ជើញចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយកងកម្លាំងកងរាជអាវុធហត្ថ នគរបាលជាតិ និងកម្លាំងជលផល ដែលមានភារកិច្ចប្រចាំការឈរជើងបង្រ្កាបបទល្មើសនេសាទខុសច្បាប់នៅក្នុងភូមិសាស្ត្រកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងភូមិសាស្រ្តជ្រោយស្តី ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ គ.ស ២០២៤ ដែលនឹងចូលមកដល់នាប៉ុន្មានថ្ងៃខាងមុខនេះ។

អមដំណើរ នាយឧត្តមសេនីយ៍ សៅ សុខា មានលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រមទាំងមន្ត្រីរាជការសាលាខេត្ត លោកតំណាងរដ្ឋបាលជលផល លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស្នងការ ស្នងការដ្ឋានទាំង៧ និងនាយទាហាននៃកងរាជអាវុធហត្ថចំណុះបញ្ជាការដ្ឋានអ.ហ.ផ.ទ។

នៅក្នុងឱកាសនៃការជួបសួរសុខទុក្ខ និងសំណេះសំណាលនេះ នាយឧត្តមសេនីយ៍ សៅ សុខា បាននាំយកថវិការចំនួន ៥,៦០០,០០០រៀល ទឹកភេសជ្ជបាកាស់ចំនួន ៣០កេសដើម្បីឧបត្ថម្ភជូនកងកម្លាំង។ លោកអភិបាលខេត្ត ក៏បានឧបត្ថម្ភបន្ថែមនូវអង្ករចំនួន ០១តោន និងស្រាបៀរគ្រុឌចំនួន ៥០កេស៕