(ភ្នំពេញ)៖ អ្នកជំនាញនិងអ្នកសិក្សាស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា បានស្នើឱ្យមានការជំរុញនិន្នាការលេងល្បែងប្រជាប្រិយខ្មែរឱ្យបានផុសផុល ដើម្បីថែរក្សា និងបង្ហាញអត្តសញ្ញាណវប្បធម៌ជាតិផង និងបង្ហាញពីភាតរភាព និងភាពសុដុមរមនាជាមួយគ្នានៅក្នុងសង្គមខ្មែរផង។

ថ្លែងនៅក្នុងកិច្ចពិភាក្សាខ្លី អំពីទំនៀមទម្លាប់ និងប្រពៃណី នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគសង្គម បានផ្ដល់នូវទស្សនៈយល់ឃើញចំពោះការលេងល្បែងប្រជាប្រិយខ្មែរថា គឺជាឱកាស ដែលបុព្វបុរសខ្មែរបានកំណត់យកពេលក្រោយពីបញ្ចប់ការបំពេញមុខរបរ ឬការងារ ត្រៀមរៀបចំពិធីបុណ្យប្រពៃណីខ្មែរនានា ដើម្បីបង្កើតបរិយាកាសកម្សាន្តលម្ហែអារម្មណ៍។

លោកបណ្ឌិតបន្តថា ការចូលរួមលេងល្បែងប្រជាប្រិយខ្មែរនានាពីសំណាក់មហាជន ពិសេសយុវជនជំនាន់ក្រោយ ពិតជាមានសារៈសំខាន់ណាស់ ដែលនេះគឺជាការថែរក្សានិងបង្ហាញអំពីអត្តសញ្ញាណវប្បធម៌របស់ខ្មែរ និងជាឱកាសដើម្បីជំរុញភាតរភាពរបស់ប្រជាជន និងសង្គមជាតិខ្មែរ ដែលជួនកាល នៅបន្ទាប់ពីការលេងល្បែងប្រជាប្រិយទាំងនេះហើយ ក៏មានឈានទៅដល់ការពិសារភោជនីយហារជាមួយគ្នាបន្ថែមទៀត។

លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់បន្ថែមទៀតថា នៅពេលខាងមុខដែលរាជរដ្ឋាភិបាលឈាននឹងសម្រេចបានជោគជ័យក្នុងការដាក់បញ្ចូលពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនោះ ក៏នឹងត្រូវដាក់បញ្ចូល និងភ្ជាប់ជាមួយនូវល្បែងប្រជាប្រិយខ្មែរ ដែលគេតែងតែប្រារព្ធលេងកម្សាន្តជាមួយគ្នាជាដរាបមកដែរ។ បន្ថែមពីនេះ ការលេងល្បែងប្រជាប្រិយ ក៏បានបង្ហាញអំពីភាពសុដុមរមនាជាមួយគ្នានៅក្នុងសង្គមខ្មែរ នៅក្នុងសម័យសុខសន្តិភាពផងដែរ។

សម្រាប់លោកបណ្ឌិត យង់ ពៅ ដើម្បីជំរុញឱ្យការលេងល្បែងប្រជាប្រិយកាន់តែផុសផុល ទាមទារឱ្យមានការចូលរួមចំណែកយ៉ាងសកម្ម ពីសំណាក់ប្រព័ន្ធឃោសនាការដូចជា ក្រសួងព័ត៌មាន ក្រសួងវប្បធម៌ និងអង្គភាពស្ថាប័នពាក់ព័ន្ធនានា។ បន្ថែមពីនេះ ទីវត្តអារាម និងអាជ្ញាធរដែនដី ក៏ជាចំណែកដ៏សំខាន់ ដែលត្រូវចូលរួមចំណែកដោយខានមិនបាន ក្នុងការជំរុញការលេងល្បែងប្រជាប្រិយនេះផងដែរ។ សម្រាប់លោកបណ្ឌិតផ្ទាល់ ការជំរុញឱ្យមានការលេងល្បែងប្រជាប្រិយកាន់តែផុសផុល គេមិនគួរកំណត់ពេលវេលាតែនៅក្នុងអំឡុងមុននិងក្រោយពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឬពិធីបុណ្យភ្ជុំបិណ្ឌនោះទេ ប៉ុន្តែគួរតែរៀបចំបង្កលក្ខណៈងាយស្រួល និងបង្កើនចំណាប់អារម្មណ៍ឱ្យមានការលេងល្បែងប្រជាប្រិយខ្មែរ នៅក្នុងគ្រប់កាលៈទេសៈ តាមដែលអាចធ្វើទៅបាន ដើម្បីបង្កើតទៅជា និន្នាការពេញនិយមនៅក្នុងការលេងល្បែងប្រជាប្រិយ ដែលមានលក្ខណៈបង្កើនភាពស្និទ្ធស្នាលកាន់តែខ្លាំងរវាងមហាជនទូទៅ។

សម្រាប់លោកស្រីបណ្ឌិត ជា វណ្ណី បានលើកឡើងផងដែរថា ដើម្បីជំរុញឱ្យការលេងល្បែងប្រជាប្រិយកាន់តែផុសផុលគឺ ត្រូវផ្ដើមចេញពីខ្លួនយើងដែលជាប្រជាជនខ្មែរម្នាក់ៗ ពិសេសចាស់ៗ ដែលត្រូវរៀបចំខ្លួនធ្វើជាគំរូ និងជាអ្នកណែនាំដល់យុវជន និងក្មេងៗជំនាន់ក្រោយ ឱ្យមានស្មារតីភ្ញាក់រឭក និងចេះស្រឡាញ់ល្បែងប្រជាប្រិយ ដែលជាអត្តសញ្ញាណវប្បធម៌ជាតិរបស់ខ្លួន ហើយចាប់ផ្ដើមជំរុញបង្កើតទៅជាចរន្តនិយមល្បែងប្រជាប្រិយខ្មែរនៅទូទាំងប្រទេស។ ជាមួយគ្នានេះ អង្គភាព ស្ថាប័ន ប្រព័ន្ធផ្សព្វផ្សាយនីមួយៗ ក៏ដូចជាព្រះសង្ឃ ក៏ត្រូវតែចូលរួមចំណែកឱ្យបានពេញលេញ នៅក្នុងការជំរុញ និងដូចជាបង្កបរិយាកាសសមស្រប ដើម្បីឱ្យបុគ្គលិក មន្ត្រីរាជការ ក៏ដូចជាពុទ្ធបរិស័ទ ចូលរួមឱ្យបានកុះករ នៅក្នុងការលេងល្បែងប្រជាប្រិយនេះ នៅគ្រប់ទីកន្លែង និងនៅក្នុងឱកាសនានាផងដែរ៕