(សៀមរាប)៖ លោក ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានពន្យល់ពីការប្រែប្រួលអាកាសធាតុសកល ខណៈដែលប្រទេសកម្ពុជា ជាប្រទេសដែលរងគ្រោះបង្កឡើងដោយប្រទេសធំៗមានឧស្សាហកម្មជឿនលឿន។

ក្នុងឱកាសផ្តល់បទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់នៃសិក្ខាសាលាបញ្រ្ជាបចំណេះដឹងស្តីពី «ការប្រែប្រួលអាកាសធាតុទៅកាន់យុវជន និងអ្នកជំនាញសារព័ត៌មានក្នុងស្រុក» នាខេត្តសៀមរាប ក្នុងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ លោក ជួប ប៉ារីស៍ បានពន្យល់ថា «ប្រទេសកម្ពុជាយើងតូចណាស់ ហើយព្រៃឈើយើងតូចដែល អញ្ចឹងអ្នកដែលនាំឱ្យមានបញ្ហាការប្រែប្រួលអាកាសធាតុនេះមិនមែនយើងកាប់ឈើនោះទេ ការប្រែប្រួលអាកាសធាតុនេះបណ្តាលមកពីការកើនឡើងឧស្ម័នផ្ទះកញ្ចក់លើភពផែនដី ដែលបណ្តាលមកការដុតផូស៉ីល ចេញពីប្រទេសឧស្សាហកម្មធំ»

មន្ត្រីជាន់ខ្ពស់រូបនេះ បានលើកឡើងថា តាមរយៈការទទួលរងគ្រោះពីការប្រែប្រួលអាកាសធាតុនេះដែរអ្វីដែលអាចជួយកសិករបាន គឺយើងធ្វើយ៉ាងណាឱ្យពួកគាត់មានភាពបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុព្រោះការប្រែប្រួលអាកាសធាតុនេះមានជាដ៏រាបមិនមានការប្រួលប្រួលនោះទេ។ ការងារសំខាន់ដែលយើងធ្វើនោះ គឺត្រូវធ្វើយ៉ាងណាឱ្យកសិករចេះបន្សាំខ្លួនឯង ចេះរស់នៅជាមួយការប្រែប្រួលអាកាសធាតុតាមរយៈការដាំដុះ ការចិញ្ចឹមសត្វ ការចេះបង្កើតអេកូទេសចរណ៍ឬយើងហៅថាគោលដៅលំហែកម្សាន្តដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់ទាញចំណូលមិនរំខានដល់ព្រៃឈើទេ។

លោក ជួប ប៉ារីស៍ បានថ្លែងថា ដើម្បីថែរក្សាព្រៃឈើបានគង់វង្សយើងចាំបាច់ត្រូវឱ្យប្រជាសហគមន៍សហការជាមួយមន្រ្តីឧទ្យានុរក្សដោយក្នុងនេះធ្វើយ៉ាងណាល្បាត និងអភិរក្សព្រៃឈើឱ្យខានតែបាន។

ជុំវិញបញ្ហានេះ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ក៏បានពន្យល់ដែរថា សម្រាប់ការបាត់បង់ព្រៃឈើ គឺជាការបាត់បង់ធនធានធម្មជាតិដ៏សំខាន់ ដែលអាចជួយទប់ស្កាត់ នៃការហូរច្រោះ ធ្វើឱ្យដីល្អ និងរក្សាបានទឹកក្រោមដី ជាជម្រកសត្វព្រៃដ៏សំខាន់ ព្រៃឈើក៏មានសារៈសំខាន់បន្ថែមទៀត ទៅលើការស្រូបកាបូន ជាពិសេសព្រៃឈើបានផ្ដល់សម្រស់ដ៏ស្រស់ត្រកាល និងទាក់ទាញភ្ញៀវទេសចរខ្លាំងបំផុត៕