(ពោធិ៍សាត់)៖ ស្របពេលដែលពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ កាន់តែខិតកៀកចូលមកដល់ តាមបណ្ដារាជធានីខេត្តទូទាំងប្រទេស បាននឹងកំពុងញ៉ាប់ដៃញ៉ាប់ជើង រៀបចំតុបតែងលម្អនៅតាមដងវិថី ដោយបំពាក់ភ្លើងព័ណ៌ ផ្កាភ្ញីយ៉ាងស្រស់ត្រកាល ដើម្បីអបអរពិធីដ៏សំខាន់មួយនេះ និងដើម្បីស្រូបទាញទេសចរ ឱ្យមកលេងកម្សាន្តនៅតាមកន្លែងរៀងៗខ្លួន។

ទន្ទឹមនឹងនេះ បើយើងគ្រលេកទៅមើលខេត្តពោធិ៍សាត់ ឯណោះវិញ ឃើញថាមានការតុបតែងភ្លើងព័ណ៌ល្អឆើត នៅតាមដងដងផ្លូវលេខ១០១ ផ្លូវជាតិលេខ៥ ផ្លូវវាងក្រុង និងផ្លូវសំខាន់ៗមួយចំនួនទៀត ពិសេសបូរីវប្បធម៌កោះសំពៅមាស ដែលចាំងឆ្លុះផ្ទៃទឹកស្ទឹងពោធិ៍សាត់ បញ្ចេញព័ណ៌ចម្រុះស្រស់ស្អាតបំផុតក្នុងរាត្រីកាល លាយឡំជំនោរខ្យល់បោកបក់ត្រជាក់តិចៗ ហាក់កំពុងរំលាយកង្វល់ទេសចរ ឱ្យរសាយបន្តិចម្ដងៗ កាលបើបានដល់ទីឋាន ដ៏ត្រកាលមួយនេះ។

ក្នុងមុខតំណែង ជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានរយៈពេលជិត២ឆ្នាំមកនេះ លោក ខូយ រីដា បានបន្តកែប្រែមុខមាត់ខេត្តពោធិ៍សាត់ ឱ្យភ្លឺចិញ្ចែងចិញ្ចាច និងមានលក្ខណៈស្រស់ត្រកាល ជាងមុនជាលំដាប់ តាមរយៈការជម្រុញកំណើនសេដ្ឋកិច្ច វិស័យទេសចរណ៍ និងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ដូចជា៖ ការបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ (Solar), ការបំពាក់ភ្លើងចម្រុះព័ណ៌តាមដងផ្លូវសំខាន់ៗ, ការរៀបចំច្រាំងស្ទឹង និងការចាត់ចែងរៀបចំទីសាធារណៈ ឱ្យមានរបៀបរៀបរយល្អត្រឹមត្រូវ, ការសម្អាតបរិស្ថាន, ការតម្លើងបង្គោលទង់ជាតិ…។ល។

គួរជម្រាបជូនថា កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤កន្លងទៅ រដ្ឋបាលខេត្តពោធិ៍សាត់ ចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំព្រឹត្តិការណ៍ «មហាសង្ក្រាន្តពោធិ៍សាត់ ២០២៤» ដែលនឹងប្រព្រឹត្តទៅរយៈពេល ០៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ នៅលើបុរីវប្បធម៌កោះសំពៅមាស ស្ថិតក្នុងភូមិសំពៅមាស សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ការរៀបចំព្រឹត្តិការណ៍ មហាសង្ក្រាន្តពោធិ៍សាត់ ២០២៤នេះ គឺជាការចូលរួមអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានណែនាំឱ្យរដ្ឋបាលរាជធានីខេត្ត រៀបចំកម្មវិធីសង្ក្រាន្តរៀងៗខ្លួន ដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋរៀងៗខ្លួន ក្នុងបរិបទប្រទេសជាតិមានសុខសន្តិភាព និងស្ថិរភាពនយោបាយល្អប្រសើរ ម្យ៉ាងវិញទៀតដើម្បីចូលរួមអបអរសាទរ ទទួលទេវតាឆ្នាំថ្មី សិរីសួស្តី ជ័យមង្គល និងជាឱកាសដ៏ល្អសម្រាប់ជួបជុំក្រុមគ្រួសារ។ ព្រឹត្តិការណ៍នេះ ក៏មានការប្រគុំ តន្ត្រីសម័យ ការរាំលេងកំសាន្ត ការតាំងពិព័រណ៌បង្ហាញផលិតផល និងសម្ភារៈប្រើប្រាស់ក្នុងស្រុក ការលេងល្បែង ប្រជាប្រិយគ្រប់ប្រភេទ និងព្រឹត្តិការណ៍កំសាន្តផ្សេងៗ ដើម្បីបង្កបរិយាកាសសប្បាយរីករាយផងដែរ៕