(ព្រៃវែង)៖ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ នាសាលាស្រុកកញ្ជៀច មានរៀបចំកម្មវិធីសង្ក្រាន្តយុវជនកញ្ជៀច និងពិសាអាហារសាមគ្គីអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ក្រោមអធិបតីភាពនាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកញ្ជៀច និងកំចាយមារ។

នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា ការរៀបចំកម្មវិធីសង្ក្រាន្តនេះឡើង បន្ទាប់ពីមានការប្រកាសពីប្រមុខរាជរដ្ឋាភិបាលឲ្យរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ រៀបចំកម្មវិធីសង្ក្រាន្ត ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសដែលកម្ពុជាអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាចុងសប្តាហ៍ខាងមុខនេះ។

នាយឧត្តមសេនីយ៍ ស ថេត បានបន្ថែមទៀតថា ដោយសារប្រទេសកម្ពុជាមានសន្តិភាពពេញលេញ និងមានសន្តិសុខ-សុវត្ថិភាពល្អ ទើបយើងមានឱកាសរៀបចំកម្មវិធីសង្ក្រាន្តនេះឡើង។ ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត ក៏បានសំណេះសំណាល និងផ្តល់ប្រាក់ឧបត្ថម្ភដល់និវត្តន៍ជនទូទាំងស្រុកកញ្ជៀចចំនួន២០០នាក់ផងដែរ។

គួរបញ្ជាក់ថា កម្មវិធីសង្ក្រាន្តខាងលើត្រូវបានរៀបចំឡើងក្រោមការផ្តួចផ្តើមរបស់នាយឧត្តមសេនីយ៍ ស ថេត និងដឹកនាំរៀបចំដោយប្រធានក្រុមការងារយុវជនស្រុកកញ្ជៀច ខេត្តព្រៃវែង ដោយមានយុវជន និងប្រជាពលរដ្ឋ ចូលរួមប្រមាណជាង៣,០០០នាក់ ចាប់តាំងពីព្រឹករហូតដល់ល្ងាច ដោយបានរៀបចំកម្មវិធីល្បែងប្រជាប្រិយ ការរាំលេងកម្សាន្ដ និងកម្មវិធីសប្បាយរីករាយផ្សេងៗទៀត៕