(ភ្នំពេញ)៖ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ក្រាបករណីគ្រឿងញៀន នៅចំណុចទីតាំង ថាំង ហួយក្លឹប-KTV ស្ថិតនៅផ្ទះលេខ៦៧ ផ្លូវលេខ១០៣ ភូមិ០៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន១២នាក់ ជនជាតិវៀតណាមចំនួន៦នាក់ និងជនជាតិខ្មែរម្នាក់រកឃើញសារធាតុញៀនប្រភេទ HDNA ទម្ងន់ ៤.៧៦៥,២៥ក្រាម កេតាមីន ទម្ងន់ ១.៦៦៣,៣២ក្រាម ប្រភេទរុក្ខជាតិក្រៀម មានទម្ងន់១៦២,៩៤ក្រាម និងសារធាតុមិនច្បាស់លាស់ទម្ងន់ ៦២,៣៩ក្រាម ព្រមទាំងភស្តុតាងមួយចំនួនដែលសង្ស័យជាប់ពាក់ព័ន្ធនឹងការសម្អាតប្រាក់។

ក្រោយបញ្ចប់ប្រតិបត្តិការនេះ សមត្ថកិច្ចបានកសាងសំណុំរឿងនឹងបញ្ជូនជនសង្ស័យខាងលើ មកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ចំណែកឯបក្ខពួក ដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀនខាងលើនេះ សមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បី ចាត់ការស្របតាមនីតិវិធី។

ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យ និងបក្ខពួក ពីបទ «ជួញដូរ រក្សាទុក ចាត់ចែង សម្រួលឲ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងសម្អាតប្រាក់» ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤០ មាត្រា៤២ មាត្រា ៥៤ មាត្រា៤៥ និងមាត្រា៤៨ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការ សម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម៕