(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំអាស៊ាន ដែលមានដើមកំណើតខ្មែរ លោក ស៊ាម ស៊ូជីរ៉ូ (Sujiro SEAM)បានសម្ដែងនូវការថ្លែងអំណរគុណដល់ប្រទេសកម្ពុជាដែលគាំទ្រវិស័យសន្ដិសុខជាតិ និងសហការរក្សាសន្ដិសុខពិភពលោកកន្លងមក តាមរយៈកិច្ចប្រជុំអាស៊ាន កិច្ចប្រជុំអាស៊ានបូក និងដោះស្រាយសន្ដិសុខតាមផ្លូវទឹកបន្ដទៀត។

ការថ្លែងអំណរគុណនេះ គឺក្នុងឱកាសលោកឯកអគ្គរដ្ឋទូត ស៊ាម ស៊ូជីរ៉ូ ចូលជួបពិភាក្សាជាមួយលោកនាយឧត្ដមសេនីយ៍ ភួង ស៊ីផាន និងអគ្គនាយកនៃនាយកដ្ឋានពាក់ព័ន្ធចំណុះក្រសួងការពារជាតិ នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤។

លោកឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានលើកឡើងថា គ្រួសាររបស់គាត់បានកើតនៅក្នុងប្រទេសកម្ពុជានៅឆ្នាំ១៩៥០ ក្រោយមកបានទៅរស់នៅប្រទេសបារាំងវិញ គាត់ចូលបម្រើកងទ័ពមានតួនាទីជាវរសេនីយ៍ត្រី និងបន្ដរហូតមកត្រូវបានតែងតាំងជាអ្នកតំណាងសង្កេតការអាស៊ានអឺរ៉ុប ស្ដីពីសន្ដិសុខពិភពលោក ក្នុងនាមជាអាស៊ានដើម្បីស្វែងរកគាំទ្រក្សាសន្ដិភាពគ្រប់តំបន់។

លោកបានបន្តថា ប្រទេសបារាំងបានយកចិត្តទុកដាក់ក្នុងវិស័យសន្ដិសុខជាតិ ស្វែងរកសន្ដិភាពផ្លូវទឹកនៅសមុទ្រក្រហម រក្សាស្ថិរភាព រក្សារសន្ដិភាពតាមផ្លូវសមុទ្រ និងដឹកជញ្ជូនវិស័យសេដ្ឋកិច្ចពិភពលោក ព្រមទាំងផ្ដល់ជំនួយសប្បុរសធម៌ ដើម្បីជំនួយដល់តំបន់មានសង្គ្រាម ដូចជា មជ្ឈិមបូព៌ា និងប្រទេសភូមាជាដើម ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំអាស៊ាន បានទៅជួបមណ្ឌលកម្ចាត់មីនកម្ពុជា។

លោកឯកអគ្គរដ្ឋទូត ស៊ាម ស៊ូជីរ៉ូ បានវាយតម្លៃខ្ពស់ដែលធ្វើឱ្យពិភពលោកកោតសសើរក្នុងការបោសសម្អាតមីនដែលបន្សល់ពីសម័យសង្គ្រាម។

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបបានស្នើមកកម្ពុជាលើបញ្ហាទេ្វភាគីសហភាពអឺរ៉ុប អាចជួយអ្វីបានដែលជាតម្រូវការរបស់កម្ពុជាតបតាមសំណើប្រធានអង្គប្រជុំស្នើចំនួន៣ករណី៖
* ជួយផ្នែកបណ្ដុះបណ្ដាលធនធានមនុស្ស
* បណ្ដុះបណ្ដាលជំនាញបច្ចេកទេសមន្ដ្រី និងព័ត៌មានបច្ចេកវិទ្យាដែលអាចធ្វើឱ្យប៉ះពាល់ សន្ដិសុខជាតិ
* បណ្ដុះបណ្ដាលភាសាបច្ចេកទេសដល់សាលានាយទាហានសកម្ម៕