(ភ្នំពេញ)៖​ នារសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤នេះលោកស្រី កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន MANHATTAN INTERNATIONAL CO., LTD (MSEZ) ដឹកនាំដោយលោក Uknhar YANG Clement ជាប្រធានក្រុមប្រឹក្សាភិបាល និងលោក LIM Hong Kian ជានាយកប្រតិបត្តិក្រុមហ៊ុន SJ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ។

ជំនួបនេះធ្វើឡើងក្នុងគោលបំណងសិក្សាពិនិត្យឱកាសវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដោយក្រុមហ៊ុន MANHATTAN INTERNATIONAL CO., LTD ដើម្បីតភ្ជាប់តំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ទៅបណ្តាញនៃដឹកជញ្ជូនក្នុងប្រទេសកម្ពុជា និងតំបន់ ក្នុងគោលដៅទាក់ទាញអ្នកវិនិយោគបន្ថែមទៀតលើការផលិតយានយន្ត ពិសេសការផលិតយានយន្តអគ្គីសនី។

គណៈប្រតិភូក្រុមហ៊ុនបានស្នើសុំការគាំទ្រពីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងគម្រោងវិនិយោគលើវិស័យដឹកជញ្ជូនតាមផ្លូវគោក និងភស្តុភារកម្មនេះផងដែរ៕