(ភ្នំពេញ)៖ លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ តំណាងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ នេះថា «គូព្រេងព្រឹទ្ធសង្ក្រាន្ត» មានន័យស្មើនឹងសង្ក្រាន្ត ដែលរកប្តីប្រពន្ធស្រលាញ់គ្នាចាប់ពី ១០ឆ្នាំឡើងទៅ និងចេះជួយគ្នាទៅវិញទៅមក។

កាលពីរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់លោក ពេជ្រ ចិត្រា និងលោកស្រី ច័ន្ទ ដាវី ស្ថាបនិកកោះស្លាកែត លោកស្រី ឡងឌី សាន់ណារ៉ា បានចូលរួមនៅក្នុងកម្មវិធី គូព្រេងព្រឹទ្ធសង្រ្កាន្ត ដែលរៀបចំឡើង មានល្បែងរបាំប្រជាប្រិយ ដើម្បីអបអរសាទរសង្រ្កាន្តឆ្នាំថ្មី។

លោកស្រី ឡងឌី សាន់ណារ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា «គូព្រេងព្រឹទ្ធ មានន័យថា គូដែលស្រលាញ់គ្នាបានយូរ នៅក្នុងគ្រួសារមានការស្រលាញ់គ្នា ប្តីអត់ដែលខូចខិល ប្រពន្ធនិងប្តី ជួយគ្នាទៅវិញទៅមក ហើយមានរយៈពេលនៅជាមួយគ្នាចាប់ពី ១០ឆ្នាំឡើងទៅ»

លោកស្រីរដ្ឋលេខាធិការ បានទៅទស្សនកិច្ចជុំវិញបរិវេណរមណីយដ្ឋានកោះស្លាកែត ដែលពោរពេញទៅដោយហេដ្ឋារចនាសម្ព័ន្ធតាមបែបស្ថាបត្យកម្មរចនាបថបុរាណ ជាតំបន់ឧស្សាហកម្មវប្បធម៌គ្មានផ្សែង ដែលបានផ្ដល់ការងារជាច្រើន និងបានបង្ហាញពីការអភិរក្សនិងអភិវឌ្ឍ ទៅតាមអត្តសញ្ញាណខ្មែរ។

នៅក្នុងសុន្ទរកថា មុននឹងចែកលិខិតថ្លែងអំណរគុណជូនដល់គូព្រេងព្រឹទ្ធ ទាំង១៥គូ លោកស្រីបានប្រកាសគាំទ្រ និងសន្យាថាជួយផ្នែកបច្ចេកទេសវប្បធម៌ ទៅតាមអ្វីដែលម្ចាស់ស្ថាបនិកទីនេះចង់បាន។

លោកស្រីបានបញ្ជាក់យ៉ាងច្បាស់ៗថា ក្រសួងវប្បធម៌ រីករាយស្វាគមន៍ និងគាំទ្រលើកទឹកចិត្តជានិច្ច ចំពោះបងប្អូនដែលមានបំណងចង់ជួយ បំផុសការកសាងច្នៃប្រឌិតស្នាដៃ ទៅតាមរចនាបថ និងអត្តសញ្ញាណរបស់យើង ពោលគឺការចូលរួមថែរក្សាមរតកវប្បធម៌ជាតិ គឺជាតួនាទី ភារកិច្ច និងជាកាព្វកិច្ចកូនខ្មែរ ទាំងអស់គ្នា ជាពិសេសយុវជនត្រូវចូលរួមដើម្បីវប្បធម៌ជាតិ៕