(កំពង់ធំ)៖ លោក ទ្រី ដាលុច អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះវិទ្យាស្ថាន បច្ចេកវិទ្យាកំពង់ឈើទាល ក្នុងការចូលរួមបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយសមត្ថភាព និងកាន់តែរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសទៅលើផ្នែកបច្ចេកវិទ្យានេះ។

លោកវាយតម្លៃបែបនេះ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសជួបសំណេះសំណាលជាមួយ គណៈគ្រប់គ្រង សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត នៃវិទ្យាស្ថាន បច្ចេកវិទ្យាកំពង់ឈើទាល ក្នុងឱកាសមុននៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ឆាប់ៗនេះ។

ក្នុងឱកាសនោះ លោកបាន គាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែង របស់វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ជាពិសេសក្នុងស្មារតីយកចិត្តទុកដាក់ និងទទួលខុសត្រូវ ខ្ពស់លើការបណ្តុះបណ្តាល អប់រំពីសំណាក់គណៈគ្រប់គ្រង សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងការព្យាយាម យកចិត្តទុកដាក់សិក្សារៀនសូត្ររបស់បងប្អូនសិស្ស និស្សិតរបស់យើងនាពេលកន្លងមក។ ជាមួយគ្នានេះផងដែរក៏បានជំរុញ និងលើកទឹកចិត្តដល់បងប្អូនសិស្ស និស្សិតទាំងអស់ដែលកំពុងសិក្សាត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ និងស្រាវជ្រាវបន្ថែមទៀត ដើម្បីបង្កើនចំណេះដឹង ពង្រឹង សមត្ថភាព ហើយផ្សាភ្ជាប់នឹងបទពិសោធន៍ ឈានទៅសម្រេចគោលដៅនាពេលអនាគត។

លោក ទ្រី ដាលុច បានថ្លែងសំណេះសំណាល ដោយក្តីរីករាយ និងបានកត់សម្គាល់ថា វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ពិតមែនតែនៅឆ្ងាយពីរាជធានីភ្នំពេញបន្តិចមែន តែជាមោទនភាពមួយ ដែលវាត្រូវបានបង្កើតឡើងនៅចំកណ្ដាលបេតិភ័ណ្ឌប្រវត្តិសាស្ត្រខ្មែរ ដ៏យូរលង់ និងល្បីរន្ទឺ នោះគឺប្រាសាទសំបូរព្រៃគុក ហើយដែលបច្ចុប្បន្ន បាន និងកំពុងបម្រើឱ្យវិស័យ ទេសចរណ៍ក្នុងខេត្តកំពង់ធំ និងត្រូវបានរាជរដ្ឋាភិបាលដាក់បញ្ចូលជាសម្បត្តិបេតិភ័ណ្ឌ។

លោកបានរំលេចថា ក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយ បន្ទាប់ពីការសម្រេចបាននូវសុខសន្តិភាពពេញលេញ ការឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណ ទាំង៤ ដំណាក់កាល ដោយសម្រេច បានសមិទ្ធផលធំៗ លើគ្រប់វិស័យ ទាំងនយោបាយ សង្គម និងសេដ្ឋកិច្ច ដែលនាំឱ្យកម្ពុជាសម្រេច បាននូវការផ្លាស់ប្ដូរមុខមាត់ថ្មី គួរជាទីមោទនៈបំផុត។

លោកបន្តថា រាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ និងស្វាហាប់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា កម្មវិធីនយោបាយ សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាល ទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ ទន្ទឹមនេះ យុទ្ធសាស្ត្របញ្ចកោណ- ដំណាក់កាលទី១ កំណត់យកអាទិភាព គន្លឹះ ៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ពិសេស គឺ «បច្ចេកវិទ្យាឌីជីថល»។ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ កំណត់យកអាទិភាព គន្លឹះចំនួន ៥ ដោយបន្ថែម បច្ចេកវិទ្យា និងបន្តកំណត់យក មនុស្ស ជាអាទិភាពទី១ ដែលជាចំណុចសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សឲ្យកាន់តែល្អប្រសើរដើម្បីឈានទៅអភិវឌ្ឍន៍លើវិស័យផ្សេងៗច្រើនទៀត។

នៅក្នុងឱកាសនោះផងដែរ លោក ទ្រីដាលុច ក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគ និងសម្ភារបរិក្ខាមួយចំនួនជូនដល់វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ដែលរួមមានអង្ករ៦ តោន មីជាតិ៥០០កេស ត្រីខកំប៉ុង៥០០០កំប៉ុង កុំព្យូទ័រ laptop ១០គ្រឿង ម៉ាស៊ីនកូពី២គ្រឿង ខោអាវកីឡា ១១៥ កំប្លេ បាល់ទាត់ បាល់ទះ បាល់បោះ៥៥ គ្រាប់ និងថវិកាសម្រាប់វិទ្យាស្ថានចំនួន ២០លានរៀលផងដែរ៕