(សៀមរាប)៖ លោក សំកុល សុចិត្រ្តា អភិបាលរងខេត្តសៀមរាប បានក្រើនរំលឹកនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ បន្តយកចិត្តទុកដាក់ហ្វឹកហាត់ក្បួនយុទ្ឋសាស្ត្រឲ្យបានជាប្រចាំ និងត្រូវត្រៀមលក្ខណៈគ្រប់ ពេលវេលា ក្នុងការជួយអន្តរាគមន៍ទៅនឹងសភាពការណ៍ណាមួយកើតឡើងជាយថាហេតុ ទោះបីស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានសភាពស្ងប់ស្ងាត់យ៉ាងណាក៏ដោយ។

លោកបានបន្តថា រាជរដ្ឋាភិបាល ក្រោមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក៏ដូចជាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧នៃរដ្ឋសភា តែងតែបានបំផុសឲ្យមានទំនាក់ទំនង ចងសម្ព័ន្ធមេត្រីភាពរវាងសមរភូមិក្រោយ និងសមរភូមិមុខ និងតែងតែបានជួបជុំគ្នា ដើម្បីសួរសុខទុក្ខ និង ចែករំលែកនូវសេចក្តីស្រឡាញ់ តាមរយៈនៃការផ្តល់នូវគ្រឿងឧបភោគបរិភោគ និងការឧបត្ថម្ភផ្សេងៗ ដល់នាយទាហាន និងពលទាហាននៅទីនេះជារៀងរាល់ឆ្នាំ លើកលែងតែក្នុងអំឡុងពេលនៃការរីក រាលដាលនៃជំងឺកូវីដ១៩ប៉ុណ្ណោះ ដែលថ្នាក់ដឹកនាំខេត្តខកខានមិនបានចុះសាកសួរសុខទុក្ខ។

ការក្រើនរំលឹកយ៉ាងដូច្នេះរបស់លោក លោក សំកុល សុចិត្រ្តា ក្នុងពេលចុះសួរសុខទុក្ខ និងនាំយកនូវគ្រឿងឧបភោគបរិភោគ ជូនដល់អង្គភាព កងពលតូចអន្តរាគមន៍លេខ៥ ចំណុះឲ្យកងពលធំអន្តរាគមន៍លេខ២ ឈរជើងនៅភូមិពោធិ៍ចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជាសមរភូមិជួរមុខទិសទី៣ នៃយោធភូមិភាគទី៤ និងជាអង្គភាពសម្ព័ន្ឋមេត្រីភាពជាមួយរដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខ ដោយមានការចូលរួមពីលោក គុជ លីណា សមាជិកក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពីលោក លោកស្រីថ្នាក់ដឹកនាំ មន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុកទាំង១២ក្នុងខេត្តសៀមរាប នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤នេះ។

លោក សំកុល សុចិត្ត្រា បានលើកសម្តែងភាពស្ញប់ស្ញែងចំពោះកងទ័ពកម្ពុជា នូវវីរៈភាពអង់អាចក្លាហាន តស៊ូលះបង់អ្វីៗគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ និងបូរណភាពដែនដីនិងបាន ធ្វើឲ្យសមរភូមិប្រយុទ្ធនៅព្រំដែន បានក្លាយជាតំបន់ព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍។ លោកក៏បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវស្គាល់ច្បាប់ពីតួនាទីភារកិច្ចកងទ័ព គឺត្រូវឈរលើជំហរដាច់ខាត ក្នុងការការពាររាជរដ្ឋាភិបាលកម្ពុជា ស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ និងត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើបញ្ហាសុខភាព អនាម័យ និងធ្វើការកសាងជម្រកក្នុងអង្គភាព និងហាត់កីឡា ដើម្បីសុខភាពរាងកាយរឹងមាំ និងដាំដុះដំណាំបន្លែបង្កា ចិញ្ចឹមសត្វ ដើមី្បផ្គត់ផ្គង់ដល់ជីវភាពក្នុងអង្គភាព និងគ្រួសារកងទ័ព ជាពិសេសលើការគ្រប់គ្រង និងថែរក្សាអាវុធយុទ្ឋភ័ណ្ឌឲ្យបានល្អ និងចូលរួមអនុវត្តនូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាព សំដៅឆ្ពោះទៅការអភិវឌ្ឍន៍រីកចម្រើន រក្សាបាននូវសុខសុវត្ថិភាពក្នុងមូលដ្ឋានដែលខ្លួនឈរជើង។

អំណោយជាគ្រឿងឧបភោគបរិភោគ ចំនួន២៩មុខ រួមមាន៖ មី១៥០កេស , ស្រាបៀរ ៥០កេស ,ទឹកក្រូច ៥០កេស, គោ ២ក្បាល, ជ្រូក ៤ក្បាល, ប្រេងម៉ាស៊ូត ២ពាន់លីត្រ,ស័ង្កសី ២ពាន់សន្លឹក ,តង់ ០១ផ្ទាំ, ពុយដាក់ប្រេង ១០ និងថវិកា២០លានរៀល និងចែកជូនដល់កងទ័ពម្នាក់ៗ ២ម៉ឺនរៀល ព្រមទាំងឧបត្ថម្ភដល់កងពលធំអន្តរាគមន៍លេខ២ នូវថវិកា៦លានរៀល, ស្រាបៀរ៥០កេស និងមី៧០កេសផងដែរ៕