(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ផ្លូវវត្តទួលវែង ក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានសម្តែងនូវមោទកភាព និងសប្បាយរីករាយយ៉ាងក្រៃលែង ក្រោយទទួលដំណឹងថា ផ្លូវមួយខ្សែនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា សម្រេចផ្តល់ជូន និងជំរុញការសាងសង់ ឱ្យទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ DBST ក្នុងឆ្នាំ២០២៤នេះ។

នេះបើយោងតាមចំណាររបស់លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ទៅលើរបាយការណ៍វឌ្ឍនភាពការអនុវត្តគម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ (RRCIP) សម្រាប់ខែមីនា ឆ្នាំ២០២៤។

គួរជម្រាបជូនថា ប្រជាពលរដ្ឋធ្លាប់បានរអ៊ូរទាំ និងលើកឡើងដដែលៗ អំពីផ្លូវលំគ្រួសក្រហមមួយខ្សែនេះ ត្រូវបានអតីតអភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន ធ្លាប់បានសន្យាថា នឹងស្ថាបនាឱ្យក្លាយជាផ្លូវកៅស៊ូ DBST មានប្រវែង ៩,៧គីឡូម៉ែត្រ គិតចាប់ពីក្លោងទ្វាវត្តទួលវែង ទល់មុខផ្ទះលោក ស៊ុយ សែម អតីតរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល រហូតដល់អក្សរT ផ្លូវកៅស៊ូរលាប។

ខ្សែមួយផ្លូវនេះ ត្រូវបានប្រជាពលរដ្ឋទន្ទឹងរងចាំជាយូរឆ្នាំណាស់មកហើយថា នឹងក្លាយជាផ្លូវកៅស៊ូ តែបានត្រឹមធ្វើការជួសជុល និងពង្រីកតួផ្លូវប៉ុណ្ណោះ កាលពីអំឡុងដើមឆ្នាំ២០២៣ ហើយត្រូវបានខូចខាតវិញជាបន្តបន្ទាប់ ដោយគ្រោះទឹកជំនន់ហូរដាច់ និងដោយសារការដឹកជញ្ជូនដីក្រហម និងថ្ម គ្មានការជួសជុលថែទាំ។

ទាក់ទងបញ្ហាផ្លូវខាងលើនេះ លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តពោធិ៍សាត់ ធ្លាប់បាន Comment លើការរិះគន់ក្នុងន័យស្ថាបនា ក្នុងបណ្តាញសង្គម Facebook យ៉ាងដូច្នេះថា «សូមឲ្យអាជ្ញារធរសង្កាត់ ជួយអប់រំ និងធ្វើកិច្ចសន្យាចំពោះវិស័យឯកជនទាំងឡាយ ដែលបានចរាចរណ៍(ដើម្បីប្រាក់ចំណេញ) លើខ្សែផ្លូវនេះ រួមមាន៖ ស្រោចទឹកលើបណ្តោយខ្សែផ្លូវដែលត្រូវដឹកជញ្ជូនកុំឲ្យហុយធូលី ប៉ះពាល់ដល់ សុខភាពប្រជាជន ជួសជុលឡើងវិញ លើបណ្តោយផ្លូវដែលបានដឹកជញ្ជូន ហើយមានការខូចខាត»

ជាមួយគ្នានោះ មន្ទីរក៏ធ្លាប់បានបញ្ជាក់តាមសារតេឡេក្រាម និង Messenger ថា នឹងមិនទុកឱ្យផ្លូវមួយខ្សែនេះ នៅខូចរហូតនោះទេ ពោលគឺគ្រោងស្ថាបនាទៅជាផ្លូវកៅស៊ូនៅថ្ងៃខាងមុខ តែសូមទន្ទឹងរង់ចាំបន្តិចសិន ខណៈដែរផ្លូវមួយខ្សែនេះ បានជាប់ចំណាត់ថ្នាក់ ក្នុងគម្រោងផ្លូវជនបទ(JICA) រួចរាល់ហើយ។

ថ្មីៗនេះ បណ្តាញព័ត៌មាន Fresh News បានទទួលឯកសារផ្លូវការជុំវិញរបាយការណ៍ ស្តីពីវឌ្ឍនភាពការអនុវត្តគម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ (RRCIP) សម្រាប់ខែមីនា ឆ្នាំ២០២៤។

ក្នុងរបាយការណ៍នោះ ក៏បានបញ្ជាក់អំពីគម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ បាននិងកំពុងអនុវត្តនៅក្នុងខេត្ត គោលដៅចំនួន៤ រួមមាន៖ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ ដែលមានរយៈពេល៦ឆ្នាំ ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ មានថវិកាសរុបចំនួន ១៦៧,០០០,០០០ដុល្លារអាមេរិក ដែលគាំទ្រថវិកាពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ដែលត្រូវធ្វើការកែលម្អផ្លូវជនបទ ឱ្យទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែងសរុប ៥២៩.៧០គីឡូម៉ែត្រ។

គម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ បាននិងកំពុងអនុវត្ត ទៅតាមផែនការដែលបានគ្រោងទុក ដោយបច្ចុប្បន្នគម្រោងកំពុងជ្រើសរើសក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេស សម្រាប់ការសិក្សាគម្រោងប្លង់ និងត្រួតពិនិត្យការអនុវត្តគម្រោង សម្រេចបានប្រមាណជា៧២,០០% គិតត្រឹមខែមីនា ឆ្នាំ២០២៤ ហើយវឌ្ឍនភាព រួមសម្រេចបាន៩,០២%៕