(ភ្នំពេញ)៖ លោក ផន សុភាព ប្រធានការដ្ឋានសាងសង់ OCIC តំណាងអ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤នេះ បានចុះចែកអំណោយជូនដល់ ប្រជាពលរដ្ឋ២២៦គ្រួសារ ដែលរស់នៅក្នុងបុរី «រុងរឿង» នៃតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំខ្មែរ។

លោក ផន សុភាព បានឲ្យដឹងថា កន្លងមកក្រុមហ៊ុន បានធ្វើការចែកអំណោយសប្បុរសធម៌ ជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងបុរីរុងរឿង តំបន់អភិវឌ្ឍន៍ជ្រោយចង្វារ រាជធានីភ្នំពេញ បានចំនួន៣៤លើករួចមកហើយ ហើយនេះ ក៏ជាលើកទី៣៥ផងដែរ។

លើសពីនេះទៀត ដោយក្តីព្រហ្មវិហាធម៌ របស់អ្នកឧកញ៉ា ពុង ឃាវសែ និងគណៈគ្រប់គ្រងបុរីរុងរឿង ចូលរួមចំណែកក្នុងកិច្ចការសប្បុរសធម៌ ជូនប្រជាពលរដ្ឋបន្ថែមផងដែរដូចជា៖

* បានផ្តល់ការងារជូនដល់ប្រជាពលរដ្ឋ ដែលទទួលយកគោលនយោបាយ ដោះដូរផ្ទះមករស់នៅបុរីរុងរឿង ឲ្យមានការងារធ្វើ នៅគម្រោងអភិវឌ្ឍន៍ទីក្រុងជ្រោយចង្វារ បានជាច្រើននាក់ផងដែរ។

* បានផ្តល់មូលនិធិឥតយកការប្រាក់ និងមិនគិតពីប្រាក់ចំណេញប្រកបដោយក្ដីអាណិតមេត្តា ករុណា ដ៏ប្រពៃ ជូនបងប្អូនប្រជាពលរដ្ឋ និងបុគ្គលិកដែលមានជីវភាពខ្វះខាត ដោយពុំយកការប្រាក់បានកើនឡើង ២៧លានរៀល។

* បានឧបត្ថម្ភជាថវិកា និងសម្ភារៈមួយចំនួនដូចជា៖ កង់, អង្ករ, វ៉ែនតា, កន្សែងពោះគោ, ក្រម៉ា, សារ៉ុង, អាវសិស្ស, សៀវភៅ, សាប៊ូ ម៉ាស អាកុល និងសម្ភារៈផ្សេងៗជាច្រើនទៀត ដែលចំណាយអស់ទឹកប្រាក់ សរុបជាង២៧លានរៀល ។

លោក ផន សុភាព បានឲ្យដឹងទៀតថា បច្ចុប្បន្ននេះ បងប្អូនប្រជាពលរដ្ឋ និងកូនក្មួយ ជាបុគ្គលិក កម្មករ និងជាងជំនាញបច្ចេកទេស សរុបចំនួន១២០នាក់ហើយ ដែលមានសំណាងទទួលការសណ្តោសប្រណី ដែលបានប្រសូត្រចេញ ពីបេះដូងមនុស្សធម៌ និងសិល្បះនៃការចែករំលែករបស់ អ្នកឧកញ៉ា និងលោកស្រី។

លោកបន្ដថា ផ្តើមចេញពីនេះ បងប្អូនកូនក្មួយទាំងអស់ បានខិតខំបំពេញការងារតបស្នងមកវិញ ប្រកបដោយសេចក្តីគោរពស្រឡាញ់ និងកត្តញ្ញូបំផុត ជូនចំពោះ អ្នកឧកញ៉ា និងលោកស្រី ម្ចាស់ស្ថាបនិកមូលនិធិវិញ បានយ៉ាងល្អប្រសើរជាបន្តបន្ទាប់។

សូមបញ្ជាក់ថា អំណោយសប្បុរសធម៌របស់អ្នកឧកញ៉ា ពុង ឃាវសែ ជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរស់នៅក្នុងបុរីរុងរឿង បើគិតពីការ ចំណាយតាំងពីលើកទី១ ដល់លើកទី៣៥នេះ អ្នកឧកញ៉ា ពុង ឃាវសែ បានចំណាយអស់ទឹកប្រាក់សរុប មានចំនួនប្រមាណ១,០០០លានរៀលហើយ៕