(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤​ បានបរិច្ចាគទឹកដោះគោស្រស់ តេជោសែន ឫស្សីត្រឹប ដល់កុមារកំព្រា និងពិការ នៅមជ្ឈមណ្ឌលទារក និងកុមារជាតិ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ឆាប់ៗនេះ។

បុរីទារក និងកុមារជាតិ កំពុងចិញ្ចឹម និងមើលថែកុមារកំព្រា និងពិការ ដែលសុទ្ធសឹងជាក្រុមមនុស្សបញ្ហាអូទីសឹម (autism) ជាង ១០០នាក់។ បង្កើតឡើង នៅឆ្នាំ១៩៨០ គឺឥឡូវនេះ បុរីទារក និងកុមារជាតិ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ហើយបុរីនេះ ដំណើរការទៅបាន អាស្រ័យដោយមានជំនួយពីរាជរដ្ឋាភិបាលកម្ពុជា និងសប្បុរសជនជាដើម។

ក្នុងពេលចែកទឹកដោះគោស្រស់ លោកបណ្ឌិតសភាចារ្យ សុខ ទូច មានសេចក្តីរន្ធត់ចិត្តយ៉ាងខ្លាំង នៅពេលឃើញស្ថានភាពរបស់កុមារកំព្រា និងពិការ ប៉ុន្តែលោកអះអាងថា ក៏មានសេចក្តីរីករាយផងដែរ នៅពេលបានធ្វើបុណ្យ និងឃើញស្នាមញញឹមដ៏ស្រស់ស្អាតចេញពីចិត្តរបស់ពួកគេ ដែលបង្ហាញពីសេចក្តីថ្លែងអំណរគុណ ទោះមិនអាចនិយាយចេញមកក្រៅ។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបាននាំយកទឹកដោះគោស្រស់ តេជោសែន ឫស្សីត្រឹប មកផ្ដល់ជូនដល់កូនៗនៅមណ្ឌលកុមារកំព្រា ១៧៧នាក់ ចំនួន ២០០លីត្រ ដែលពួកគេខ្លះជាក្មេងកំព្រា និងខ្លះទៀតជាក្មេងមានពិការភាព ដោយកុមារខ្លះទៀត មានកុមារភាពពីកំណើត ដោយសារតែបាត់បង់ឪពុកម្ដាយ ឬក៏ត្រូវបានឪពុកម្ដាយបោះបង់ចោលតាំងពីតូចមកម្ល៉េះ។ ខ្ញុំពិតជារន្ធត់ណាស់ ដែលបានឃើញពីស្ថានភាពរបស់កូនៗ ប៉ុន្តែក៏មានភាពរីករាយផងដែរ ដែលបានមកឃើញស្នាមញញឹមរបស់កូនៗ»។

បើតាមលោកបណ្ឌិតសភាចារ្យ ការបរិច្ចាគដល់កុមារកំព្រា និងពិការ គឺជារឿងដ៏ល្អបំផុត ព្រោះថា៖

* វ័យក្មេង ជាវ័យលូតលាស់គ្រប់យ៉ាង
* ក្មេងអាចមិនដែលហូបរបស់ប្លែកៗ ដូចមនុស្សចាស់
* ការបរិច្ចាគ នឹងក្លាយជាគំរូដល់ក្មេង ហើយពួកគេនឹងអាចក្លាយជាអ្នកបរិច្ចាគនៅថ្ងៃអនាគត
* និងម្យ៉ាងទៀត​ ការបរិច្ចាគដល់ក្មេង ជាហេតុនាំឱ្យពួកគេចងចាំសេចក្តីល្អ ដូចសុភាសិតខ្មែរថា ហុចអំបោះស្រណោះដៃ។

លោកស្រី ថោ ពៅ ប្រធានមជ្ឈមណ្ឌលទារក និងកុមារជាតិ បានលើកឡើងថា នេះមិនមែនជាលើកទី១ នោះទេ ដែលលោកបណ្ឌិតសភាចារ្យ សុខ ទូច ចែកទឹកដោះគោស្រស់ដល់មជ្ឈមណ្ឌលទារក និងកុមារជាតិ។ លោកស្រី បានថ្លែងអំណរគុណ ដល់លោកបណ្ឌិតសភាចារ្យ ដែលថ្ងៃនេះ លោកអញ្ជើញចែកទឹកដោះគោស្រស់ដោយផ្ទាល់ នៅមជ្ឈមណ្ឌល និងបានឃើញទិដ្ឋភាពជាក់ស្តែង របស់កុមារកំព្រា និងពិការផងដែរ៕