(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា និន្នន័យត្រឹមត្រូវធ្វើឱ្យយើងដាក់ចេញនូវផែនការត្រឹមត្រូវ និន្នន័យគ្រប់ជ្រុងជ្រោយធ្វើឱ្យយើងដាក់ចេញផែនការដែលធានាបាននូវនិរន្តភាព និងប្រសិទ្ធភាពនៃការអនុវត្តន៍ ក្នុងនោះការដឹកនាំប្រទេសជាតិក៏ដូចគ្នា គឺទាមទារឱ្យមានផែនការច្បាស់លាស់ មិនអាចធ្វើតាមការស្រមើស្រមៃបាននោះឡើយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤នេះ នាឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងផែនការ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ខ្ញុំយល់ស្របតាមឯកឧត្តមរដ្ឋមន្ត្រីក្រសួងផែនការអំពីសារៈសំខាន់ និងភាពចាំបាច់មិនអាចខ្វះបាននៃការងារផែនការ ស្ថិតិ ប្រជាជន និងការអភិវឌ្ឍ, ខ្ញុំសូមផ្តល់នូវទស្សនៈផ្ទាល់ខ្លួន ដោយធ្វើការប្រៀបធៀបការងារផែនការ ស្ថិតិ ទៅនឹងអណ្តាតនិងធ្មេញ ដែលមិនអាចខ្វះបាន ហើយត្រូវការគ្នាទៅវិញទៅមក, និន្នន័យត្រឹមត្រូវធ្វើឱ្យយើងដាក់ចេញនូវផែនការត្រឹមត្រូវ និន្នន័យគ្រប់ជ្រុងជ្រោយធ្វើឱ្យយើងដាក់ចេញផែនការដែលធានានិរន្តភាព និងប្រសិទ្ធភាពនៃការអនុវត្តន៍»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា បច្ចុប្បន្ននេះគឺយើងធ្វើអ្វីដោយផ្អែកទៅវិទ្យាសាស្ត្រទាំងអស់ និងត្រូវមានផែនការយូរអង្វែង និងប្រៀបធៀបតាមដាននូវការអភិវឌ្ឍតាមវិស័យសេដ្ឋកិច្ច និងការប្រែប្រួលនៅលើពិភពលោក វិស័យនយោបាយ និងសន្តិសុខជាតិ ដែលនេះគឺជាមូលដ្ឋានក្នុងការកសាងផែនការរបស់ជាតិយើង ជាពិសេសការរៀបចំផែនការយុទ្ធសាស្ត្ររយៈពេលវែង ដូចជាយុទ្ធសាស្ត្របច្ចុកោណជាដើម ដែលមានរយៈពេល ២៥ឆ្នាំ។

សម្តេចមហាបវរធិបតី បានបន្ថែមទៀតថា បើសិនជាយើងរៀបចំផែនការតាមអារម្មណ៍ដែលយើងនឹកឃើញ ១ឆ្នាំម្តង ឫ ២ឆ្នាំម្តង ដែលគ្មានទិសដៅរយៈពេលវែងនោះទេ នោះយើងនិងវល់ហើយ ធនធានមនុស្សក៏មិនអាចធានាបានដូចគ្នា ដូចនេះផែនការគឺសំខាន់ ហើយសំខាន់ទៅលើការរៀបចំ ប្រមូលវិភាគទៅលើទិន្នន័យឱ្យបានច្បាស់លាស់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ទៀតថា ចំណែកការងារប្រជាជន និងការអភិវឌ្ឍ ប្រៀបដូចនឹងដងខ្លួនទៅនឹងមនុស្សទាំងមូល ហើយក្នងន័យនេះការរៀបចំផែនការដែលបានគ្រប់ជ្រុងជ្រោង គឺបានឆ្លើយតបទៅនឹងតម្រូវការសង្គម ដែលទាមទារនូវទិន្នន័យដែលចាំបាច់សម្រាប់ធានានូវប្រសិទ្ធភាពផងដែរ៕