(ភ្នំពេញ)៖ នារសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤នេះ លោក ហ៊ុន ម៉ានី តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញប្រគល់រថយន្ត២៥ កៅអី និងគ្រឿងឧបភោគបរិភោគ ជូនដល់សមាគម វិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក (VOB)។

សម្ភារៈដែលបានរៀបរាប់ខាងលើ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ក្នុងជំនួបប្រកបដោយក្ដីសោមនស្សរីករាយ លោក ហ៊ុន ម៉ានី បានធ្វើការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បងប្អូន ដែលបានតស៊ូមិនបោះបង់ចោលក្ដីសង្ឃឹមរបស់ខ្លួន ព្រមទាំងលើកទឹកចិត្តដល់សមាគម វិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក (VOB) ឲ្យបន្តការងារផ្សព្វផ្សាយ និងលើកកម្ពស់កិត្យានុភាពជាតិ។

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ជឿជាក់ថា សម្ភារៈដែលបានប្រគល់ជូននាថ្ងៃនេះ នឹងជួយសម្រាលបន្ទុកការងារប្រចាំថ្ងៃ ក៏ដូចជាសម្រួលដល់ការធ្វើដំណើររបស់បងប្អូនផងដែរ។

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ លោកបាននាំយកការផ្ដាំផ្ញើរការសួរសុខទុក្ខពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសារជូនពរពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោកជំទាវបណ្ឌិត និងមានប្រសាសន៍ជូនពរដល់ថ្នាក់ដឹកនាំ និងក្រុមការងារនៃសមាគមឲ្យជួបប្រទះតែសេចក្តីសុខ សុភមង្គល ជោគជ័យគ្រប់ភារកិច្ច។

គួរបញ្ជាក់ដែរថា សមាគម វិទ្យុ និងទូរទស្សន៍សំឡេងជនពិការភ្នែក គឺជាស្ថាប័នតែមួយគត់ ដែលមានភាគរយនៃជនមានពិការភាព បានចូលបម្រើការងារនៅក្នុងស្ថាប័ននេះ ច្រើនជាងគេបំផុតក្នុងចំណោមស្ថាប័នផ្សេងៗទៀត ទាំងគ្រឹះស្ថានរដ្ឋ និងឯកជន នៅក្នុងប្រទេសកម្ពុជា។

បច្ចុប្បន្ន អង្គភាពនេះមានការិយាល័យកណ្តាលរបស់ខ្លួន ស្ថិតនៅក្នុងរាជធានីភ្នំពេញ ព្រមទាំងមានសាខាចំនួន៤ផ្សេងទៀត នៅតាមបណ្តាខេត្តនានា ដូចជា៖ ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ៕