(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ បានចុះត្រួតពិនិត្យការជួយសង្គ្រោះពន្លត់អគ្គិភ័យរំដោះផ្ទះប្រជាពលរដ្ឋ ដែលត្រូវអគ្គិភ័យលេបត្របាក់នៅក្នុងភូមិកំពង់ក្តី ឃុំកំពង់ចិត្តត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដោយសារឆ្លងចរន្តអគ្គិសនី។

លោកអភិបាលស្រុកស្ទោង ក៏បានសម្ដែងនូវសមានុចិត្តចូលរួមសោកស្ដាយក្រៃលែង ជាមួយនឹងម្ចាស់ផ្ទះដែលបានបាត់បង់នូវទ្រព្យសម្បត្តិ និងគេហដ្ឋានជាតិទីស្រឡាញ់ និងបានអំពាវនាវដល់ពុកម៉ែប្រជាពលរដ្ឋនៅមូលដ្ឋាន សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាអគ្គិភ័យជាយហេតុដែលបណ្ដាលមកពីឧបទ្ទវហេតុផ្សេងៗក្នុងរដូវក្តៅហួតហែងនេះ ជាពិសេសនៅក្នុងរដូវកាលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ហើយត្រូវសង្កេតនិងពិនិត្យមើលនូវប្រភពចំហេះ ឬប្រព័ន្ធអគ្គិសនីផ្សេងៗឲ្យបានសុវត្ថិភាពតាមប្រព័ន្ធបច្ចេកទេសផងដែរ។

ជាមួយគ្នានេះ លោកវរសេនីយ៍ទោ ជឹម រីណា អធិការស្រុកស្ទោង បានឱ្យដឹងថា ម្ចាស់ផ្ទះខាងលើឈ្មោះ គង់ សុខជ័យ អាយុ៤៧ឆ្នាំ ឆេះផ្ទះ០១ខ្នង ទំហំ ៧មx២៥ម ផ្ទះធ្វើអំពីឈើដំបូលប្រក់ស័ង្កសី ឆេះទាំងស្រុង គិតជាទឹកប្រាក់ប្រហែល៣០លានរៀល និងម្ចាស់ផ្ទះឈ្មោះ ម៉ាប់ លីហឺ ភេទស្រី អាយុ៣៣ឆ្នាំ ឆេះដំបូលលើទំហំ៧មx២៤ម ធ្វើអំពីឈើដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី និងខូចខាតសម្ភារ រួមមាន (ឧបករណ៍នេសាទត្រី និងគ្រឿងឡាន) ទាំងស្រុង គិតជាទឹកប្រាក់៤ម៉ឺនដុល្លារ និងម្ចាស់ផ្ទះឈ្មោះ ឃុន សុផល ភេទស្រី អាយុ៤១ ឆេះជញ្ជាំង១ចំហៀង ធ្វើអំពីថ្ម និងស័ង្កសី។

ទន្ទឹមនឹងនេះ លោក សាយ គឹមឡម បានថ្លែងអំណរគុណដល់កងកម្លាំងពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ឧកញ៉ា លីម ប៊ុណ្ណា កងកម្លាំងទាំង២ និងប្រជាពលរដ្ឋដែលបានសស្រាក់សស្រាំក្នុងការជួយពន្លត់និងគ្រប់គ្រងអគ្គិភ័យបានទាំងស្រុង។

គួរបញ្ជាក់ថា ឧបទ្ទវហេតុនេះមិនបណ្ដាលឲ្យរងរបួសឬមានមនុស្សស្លាប់ទេ ហើយការជួយសង្គ្រោះពេលនេះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង ប្រើប្រាស់កម្លាំងនគរបាលសរុបចំនួន៣៦នាក់ កម្លាំងអាវុធហត្ថស្រុកចំនួន៧នាក់ កម្លាំងប្រជាការពារចំនួន១៩នាក់ និងប្រជាពលរដ្ឋ៥៥នាក់៕