(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបងដឹកនាំដោយលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលខេត្ត ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករដ្ឋបាល ប្រធាន និងអនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្រ្ដីរាជការ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ បានចុះសំណេះសំណាលសួរសុខទុក្ខ កងកម្លាំងដែលឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នាស្រុកចំនួន៤ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

លោក សុខ លូ បានឱ្យដឹងថា ក្នុងការចុះសំណេះសំណាលសួរសុខទុក្ខកងកម្លាំងដែលឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៃស្រុកចំនួន៤ រួមមាន៖

ទីតាំងប្រារព្ធពិធីទី១ ស្ថិតនៅបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥២ ភូមិផ្លូវមាស ស្រុករតនមណ្ឌល មានការចូលរួមពី៖
* កងពលតូចថ្មើរជើងលេខ៥២ ស្រុករតនមណ្ឌល
* វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣១០ ស្រុកសំឡូត
* កងការពារព្រំដែនលេខ ៥០២ ស្រុកសំឡូត
* វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣ ស្រុកសំឡូត

ទីតាំងទី២ ស្ថិតនៅបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥៣ ស្ថិតនៅភូមិកំប្រង់ ស្រុកកំរៀង ខេត្តបាត់ដំបង ដោយមានការចូលរួមពី៖
* កងពលតូចថ្មើជើងលេខ៥៣ ស្រុកកំរៀង
* វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ ស្រុកកំរៀង
* វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ស្រុកសំពៅលូន

លោកអភិបាលខេត្តបានថ្លែងនូវការកោតសរសើរដល់កងកម្លាំងការពារព្រំដែនក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង ដែលខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការការពារព្រំដែន ការពារបូរណភាពទឹកដី ជាពិសេសមិនត្រឹមតែមានភារកិច្ចការពារព្រំដែនតែមួយមុខទេ ក្នុងនោះក៏បានចូលរួមចំណែកក្នុងការការពារសុខសន្ដិភាពជូនប្រជាពលរដ្ឋ ការពារការលួចឆ្លងដែនខុសច្បាប់ជាដើម។

លោកបានណែនាំដល់កងកម្លាំងបន្តខិតខំពង្រឹងវិន័យរបស់ខ្លួន បន្តបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ ជាពិសេសបញ្ហាគ្រឿងញៀនយើងត្រូវទប់ស្កាត់ និងលុបបំបាត់ឱ្យខានតែបាន ជាពិសេសនៅតាមបណ្ដោយព្រំដែននេះអាចនឹងមានការលួចលាក់នាំចូល នាំចេញនូវសារធាតុញៀន ឬគ្រឿងញៀនគ្រប់ប្រភេទតាមព្រំដែននេះតែម្ដង។

លោក សុខ លូ ក៏បាននាំយកអំណោយរបស់លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ នូវអង្ករ៨តោន (ក្នុងមួយអង្គភាពទទួលបាន២តោន) និងនាំយកថវិកាចំនួន៨លានរៀល (ក្នុងមួយអង្គភាពទទួលបាន២លានរៀល) ដែលជាអំណោយរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឧបត្ថម្ភជូនដល់វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣១០ ស្រុកសំឡូត, វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣ ស្រុកសំឡូត, វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ ស្រុកកំរៀង, វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ស្រុកសំពៅលូន។

សម្រាប់អំណោយរបស់រដ្ឋបាលខេត្តបាត់ដំបងមួយចំនួន ដូចជាក្នុងមួយអង្គភាពទទួលបាន៖
* ភេសជ្ជៈចំនួន៣០កេស
* ទឹកសុទ្ធ៥០កេស
* នំអន្សមជ្រូក១ស្លឹក
* សាច់ជ្រូកស្រស់៦០គីឡូក្រាម
* បន្លែស្រស់៥០គីឡូក្រាម
* ថវិកា៦លានរៀល ដើម្បីធ្វើការចែកជូនដល់កងកម្លាំងដែលការពារនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ សម្រាប់ពិសាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ៕