(ស្វាយរៀង)៖ លោក ណេប សារ៉ុន ប្រធានក្រុមប្រឹក្សាក្រុងបាវិត និងលោក លឹម សៀងហេង អភិបាលក្រុងបាវិត នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤នេះ បានដឹកនាំមន្ត្រីរាជការសាលាក្រុងរៀបចំកិច្ចប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីបង្កើនចំណងសាមគ្គីភាព មិត្តភាពជាមួយស្រុកជាប់ព្រំដែន គឺរវាងក្រុងបាវិត ប្រទេសកម្ពុជា និងស្រុកបេនកូវ និងទីរួមខេត្តត្រាងបាង ប្រទេសវៀតណាម និងចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ គ.ស២០២៤។

លោក លឹម សៀងហេង បានថ្លែងថា ជំនួសមុខឲ្យក្រុមប្រឹក្សាក្រុង និងអាជ្ញាធរក្រុងបាវិត និងក្នុងនាមរូបលោកផ្ទាល់សូមសម្ដែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះវត្តមានគណៈប្រតិភូស្រុកបេនកូវ និងទីរួមខេត្តត្រាងបាង ប្រទេសវៀតណាម និងអស់លោក លោកស្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃមមាញឹកផ្តល់ កិត្តិយស អញ្ជើញចូលរួមញ៉ាំងឲ្យបរិយាកាសនៅក្នុងពិធីទាំងមូលកាន់តែមានភាពអធិកអធម ប្រកបដោយ ស្មារតីសាមគ្គីភាព មិត្តភាព និងពោពេញដោយស្នាមញញឹម និងក្តីសង្ឃឹម ត្រៀមទទួលអំណរសាទរឆ្នាំថ្មី ដែលឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។

លោកបានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យកម្ពុជា មានសុខសន្តិភាព និងមានការរីកចម្រើនឡើងគួរជាទីមោទនៈ ដែលធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋមានភាពធូរធាល្អប្រសើរជាងមុន។

លោកបានបន្ថែមថា ជាក់ស្តែងក្នុងក្រុងបាវិត មានក្រុមហ៊ុនពាណិជ្ជកម្ម ឧស្សាហកម្ម និងមានតំបន់សេដ្ឋកិច្ចពិសេស ចំនួន០៧កន្លែង មានរោងចក្រក្នុងនិងក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន១០២រោងចក្រកំពុងដំណើរការ មាន បុគ្គលិកកម្មករបម្រើការងារប្រមាណជាង៥ម៉ឺននាក់ ធ្វើឲ្យជីវភាពរបស់បងប្អូនប្រជាពលរដ្ឋបានរីកចម្រើនឡើងជាលំដាប់។ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង ត្រូវបានកសាង និងជួសជុលកែលម្អជាបន្តបន្ទាប់។វិស័យកសិកម្ម ក្រុងបានជំរុញ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ខិតខំបង្កបង្កើនផល ចិញ្ចឹមសត្វ ដាំដំណាំគ្រប់ប្រភេទ។

តំណាងឲ្យអាជ្ញាធរក្រុងបាវិត សូមថ្លែងអំណរគុណដល់ភាគីជាមិត្ត ពិសេសកងទ័ពការពារព្រំដែនម៉ុកបាយ ដែលជានិច្ចជាកាលតែងតែជួយសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ ខ្មែរដែលមានជំងឺ ហើយត្រូវឆ្លងទៅព្យាបាលជំងឺនៅប្រទេសវៀតណាម និងបានជួយអន្តរាគមន៍សហការផ្តល់ រថយន្តពន្លត់អគ្គីភ័យ នៅពេលមានអគ្គីភ័យកើតឡើងនៅតាមព្រំដែនក្នុងក្រុងបាវិត។

លោកបានបន្តថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ គ.ស២០២៤ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ក្នុងនាមអាជ្ញាធរដែនដីក្រុងបាវិត លោកសូមឧទ្ទិសបួងសួងដល់ទេវតាឆ្នាំថ្មី សូមជួយប្រោសព្រំប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការ៕