(កំពង់ធំ)៖ លោក ម៉េង លីនណា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាឃុំប្រឡាយ ប៉ុស្តិ៍រដ្ឋបាល និងមេភូមិ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៍ចែកជូនប្អូនស្រី រ៉ាន ពិសិដ្ឋ កំពុងមានជំងឺរស់នៅមួយឪពុក នៅភូមិតាទ្រៀល ឃុំប្រឡាយ ស្រុកស្ទោង នៅរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤។

លោក ម៉េង លីនណា បានលើកឡើងថា ដោយមើលឃើញពីទុក្ខលំបាករបស់ប្អូនស្រីដែលរស់នៅជាមួយឪពុកនិងមានជីវភាពខ្វះខាត ដូចនេះហើយទើបក្រុមការងារ ស.ស.យ.ក ឃុំប្រឡាយ ដោយមានកិច្ចសហការជាមួយលោកមេប៉ុស្តិ៍ លោកមេភូមិ នាំយកអំណោយមកផ្ដល់ជូននៅពេលនេះដែលជាការចូលរួមរំលែកការខ្វះខាតបានមួយចំណែក ទោះបីជាអំណោយដែលបានចែកជូននៅពេលនេះមិនគ្រប់តាមតម្រូវការ ក៏ពិតមែនក៏ប៉ុន្តែក្នុងនាមរូបលោកផ្ទាល់ក៏ដូចជាប្រធាន ស.ស.យ.ក ស្រុក និងអាជ្ញាធរមូលដ្ឋាននៅតែមើលឃើញ នឹងយកចិត្តទុកដាក់ខ្ពស់ដល់គ្រួសារដែលងាយរងគ្រោះ។

លោកបានថ្លែងអំណរគុណចំពោះគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាឃុំប្រឡាយ ដែលបានផ្ដួចផ្ដើមគំនិតក្នុងការស្វះស្វែងរកអំណោយមនុស្សធម៌ជូនគ្រួសារដែលកំពុងខ្វះខាតខ្លាំង ព្រោះអំណោយនិងថវិកាដែលប្រមូលបានជាការរួមចំណែក និងវប្បធម៌នៃការចែករំលែក ជួយគ្នាក្នុងគ្រាក្រ ហើយលើកទឹកចិត្តឱ្យបងប្អូនរបស់យើងចេះមើលឃើញពីទុក្ខលំបាក។

លោកបានជំរុញឲ្យប្អូនស្រីត្រូវថែទាំសុខភាពឲ្យបានល្អនិងមានអនាម័យខ្ពស់ ដោយអនុវត្តនៅវិធានការ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។

លោកបានជំរុញឲ្យអាជ្ញាធរមូលដ្ឋានពិសេសលោកមេភូមិត្រូវតែតាមដាននៅស្ថានភាពរបស់ប្អូនស្រី ឬក៏ក្រុមគ្រួសារដែលជួបទុក្ខលំបាកផ្សេងទៀត ដើម្បីផ្ដល់ព័ត៌មានដល់អាជ្ញាធរឃុំ និងក្រុមការងារសសរយកក ក្នុងការចូលរួមសហការគ្នាស្វែងរកមោធិសប្បុរសធម៌ផ្សេងៗទៀតទៅតាមលទ្ធភាពជួយដល់ពួកគាត់ឱ្យបានទាន់ពេលវេលា។

សូមបញ្ជាក់ថាអំណោយដែលបានចែកជូនរួមមានអង្ករ ១បេ ប្រេងឆា ១ដប ទឹកសុទ្ធ១០ យួរ ត្រីខ ១យួរ ទឹកសណ្ដែក១ កេស ថវិកា ២សែនរៀល ជាថវិការបស់ ស.ស.យ.ក និងសប្បុរសជន៕