(ភ្នំពេញ)៖ អគ្គលេខាធិការគណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា (MRC) បានគូសបញ្ជាក់​ថា សារធាតុគីមីហៀរចេញពីរថយន្តដែលក្រឡាប់នៅប្រទេសឡាវ មិនបានបង្កផលប៉ះពាល់​ដល់​ទឹកទន្លេណាមខាន់ និងទន្លេមេគង្គនោះឡើយ។

អគ្គលេខាធិការគណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុ បានឱ្យដឹងថា ស្ទឹងណាមខាន់ (Nam Khan) ជាដៃនៃទន្លេមេគង្គ ហូរចាក់ចូលទន្លេមេគង្គ ត្រង់ចំណុចទីក្រុងលួងព្រះបាង ហើយ​មាន​ចម្ងាយពីព្រំប្រទល់កម្ពុជា-ឡាវ ដល់ទីនោះ ប្រមាណ ១,៣៧០គីឡូម៉ែត្រ ខាងលើ​ក្រុង​ប៉ាក់សេប្រមាណ ១,២២០គីឡូម៉ែត្រ និងខាងលើរដ្ឋធានីវៀងច័ន្ទ ប្រមាណ ៥០០គីឡូម៉ែត្រ ។ នៅក្រោមទីក្រុងលួងព្រះបាង ចម្ងាយប្រមាណ ១២០គីឡូម៉ែត្រ មានទំនប់វារីអគ្គិសនី សាយាបូរី នៅលើដងទន្លេមេគង្គផងដែរ។

សូមបញ្ជាក់ថា រថយន្តដឹកសារធាតុគីមីមួយគ្រឿង បានក្រឡាប់ ហើយហៀរចូលស្ទឹង​ណាម​ខាន់ ភូមិភូសាងខាំ ក្នុងខេត្តលួងព្រះបាង ប្រទេសឡាវ។ សាលាក្រុងលួងព្រះបាង បានហាម​ឃាត់ប្រជាពលរដ្ឋរបស់ខ្លួនមិនឱ្យងូតទឹក ហែលទឹក ឬប្រមូលត្រីងាប់ពីស្ទឹងណាម​ខាន់ និង​ពីទន្លេមេគង្គក្នុងទឹកដីលួងប្រាបាង មកលក់ ឬមកបរិភោគ។

អាជ្ញាធរក្រុង បានណែនាំឱ្យអាជ្ញាធរភូមិ ភូសាងខាំ ត្រូវផ្តល់ដំណឹង និងព្រមានអ្នកភូមិជា​ប្រចាំ​អំពីបញ្ហានេះ។

តាមមន្ត្រីលេខាធិការដ្ឋាន MRC ប្រចាំនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ បានឱ្យដឹងថា សារ​ធាតុ​គីមី ដែលកំពប់ហៀរនោះ គឺអាស៊ីតស៊ុលភួរិច ដែលមានបរិមាណសរុបប្រហែល ៣០​តោន តែហូរចូលក្នុងទឹកមិនទាំងអស់ទេ។ ករណីនេះ នាយកដ្ឋានបរិស្ថានឡាវ បានសហការ​ជាមួយការិយាល័យក្រុងហ្លួងព្រះបាង ដើម្បីអនុវត្តវិធានការត្រួតពិនិត្យ ដើម្បីឆ្លើយតប​ទៅនឹង​ស្ថានភាពខាងលើនេះ។ ទោះជាយ៉ាងណា មិនបង្កផលប៉ះពាល់ដល់ទន្លេមេគង្គ ផ្នែកខាងក្រោមនោះឡើយ៕