(ភ្នំពេញ)៖ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានរៀបចំធ្វើសង្ក្រាន្តដើម្បីអបអរឆ្នាំថ្មី ក៏ដូចជាការចូលរួមថែរក្សា និងអភិរក្សសម្បត្តិវប្បធម៌ខ្មែរ រួមទាំងបង្កើតកម្មវិធីសប្បាយរីករាយដល់សិស្សនិស្សិត បន្ទាប់សម្រាកពីការសិក្សា មុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។

ក្នុងពិធីសង្ក្រាន្តកាលពីថ្ងៃទី៧ ខែមេសា លោក ងួន ស្តេចភក្តី រដ្ឋលេខាធិការទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានថ្លែងថា សង្ក្រាន្តឆ្នាំថ្មី ឆ្នាំ២០២៤ ធ្វើឡើង ក្រោមប្រធានបទ “យុវជន PSB University សម័យបច្ចេកវិទ្យាក្រោមម្លប់សន្តិភាព” គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការលើកទឹកចិត្ត ដល់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្នុងការខិតខំបន្តនូវបេសកកម្មរបស់ខ្លួន ដើម្បីអាចសម្រេចបាននូវគោលដៅលើកកម្ពស់វិស័យពុទ្ធិកសិក្សាជាតិ ឱ្យឈានឆ្ពោះទៅរកវឌ្ឍនភាព ឧត្តមភាព និងភាពល្បីល្បាញនាពេលអនាគត។

លោកបានបន្តថា សម្រាប់ការរៀបចំសង្ក្រាន្តឆ្នាំថ្មីនេះ គឺមានការរៀបចំលេងកម្សាន្តចម្រុះ ដែលមានទាំងតាមបែបបុរាណ និងសម័យ ជាពិសេស គឺមិនចោលនោះទេ ការលេងល្បែងប្រជាប្រិយខ្មែរ មានទាញព្រ័ត លាក់កន្សែង ចោលឈូង បោះអង្គុញ ឬវាយក្អមជាដើម ហើយក៏មានការរាំលេងកម្សាន្ត និងសម្ដែងនូវរបាំប្រពៃណីជាតិផងដែរ។

លោកសេង សុមុនី រដ្ឋលេខាធិការប្រចាំការ តំណាងលោកបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា មានប្រសាសន៍ថា សង្ក្រាន្តឆ្នាំថ្មីនេះ ពិតជាបានចូលរួមចំណែកខ្លាំងណាស់ ក្នុងការថែរក្ស និងអភិរក្សនូវសម្បត្តិវប្បធម៌ជាតិ ខណៈសកម្មភាពនេះ កំពុងមានការរៀបចំយ៉ាងផុសផុលនៅទូទាំងប្រទេស។

ជាមួយនេះលោកបានជំរុញ និងអំពាវនាវដល់យុវជនជំនាន់ក្រោយ ត្រូវខិតខំថែរក្សានូវសម្បត្តិវប្បធម៌ទាំងអស់នោះ តាមរយៈការលេងកម្សាន្តល្បែងប្រជាប្រិយ ការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយ ដើម្បីឲ្យពិភពលោកបានស្គាល់ពីសង្ក្រាន្តរបស់ខ្មែរបន្ថែមទៀត។

សម្តេចព្រះមហាសង្ឃរាជ ជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា មានព្រះបន្ទួលបីតិសោមនស្ស ចំពោះស្នាដៃដែលថ្នាក់ដឹកនាំពុទ្ធិកសាកលវិទ្យាល័យសម្រេចបាន ដោយសមិទ្ធផលទាំងនេះ កើតចេញពីការខិតខំប្រឹងប្រែង លះបង់កម្លាំងកាយចិត្ត ភាពយកចិត្តទុកដាក់ និងស្មារតីរួបរួម សាមគ្គី ប្រកៀកស្មា ប្រកបដោយឆន្ទៈ មនសិការ និងឧត្តមគតិជាតិ សាសនា ព្រះមហាក្សត្រ ដែលបង្កើតចេញជាទិដ្ឋភាពយកគោលដៅ អប់រំបណ្តុះបណ្តាលចំណេះដឹង ជំនាញ និងបទពិសោធន៍រួមគ្នា សម្រាប់ជាទីពឹង និងក្តីសង្ឃឹមរបស់សមណនិស្សិត និស្សិតក្នុងការផ្ញើជោគវាសនា អនាគត និងចាត់ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាជាផ្ទះដ៏សែនកក់ក្តៅ ហើយមិនត្រឹមតែប៉ុណ្ណោះ បានរៀបចំសង្ក្រាន្តឆ្នាំថ្មី បង្កើតភាពសប្បាយរីករាយ ដល់សិស្សនិស្សិតនេះ។

ជាមួយនេះ សម្ដេចព្រះមហាសង្ឃរាជ បានសព្វព្រះទ័យ បានប្រគេនពរ និងជូនពរដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្ដេច ទ្រង់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី សូមទទួលបាននូវសិរីសួស្តី ជ័យមង្គល វិបុលសុខ ចម្រុងចម្រើន ជោគជ័យគ្រប់ភារកិច្ចតាមបំណងប្រាថ្នា នាឱកាសឆ្នាំថ្មី ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ៕