(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី (LOLC) នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ បានបន្តកិច្ចសហការគាំទ្រផ្តល់នូវខិត្តប័ណ្ណព័ត៌មានផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនចំនួន៨០.០០០សន្លឹក ស្ទីគ័រ បដា ដល់អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីធ្វើការចែកផ្សាយដល់បងប្អូនប្រជាពលរដ្ឋដែលទៅលេងស្រុកកំណើតតាមរយ:គណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ (រថយន្តក្រុង) និងផ្សព្វផ្សាយតាមរយ:គណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ក្រសួងសមាជិកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងឱកាសចូលឆ្នាំខ្មែរ។

ពិធីប្រគល់នេះបានធ្វើឡើងនៅការិយាល័យកណ្តាលរបស់អិលអូអិលស៊ី ដោយលោក សុខ វឿន ប្រធាននាយកប្រតិបត្តិ និងឧត្តមសេនីយ៍ឯក​ លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

លោក សុខ វឿន ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី មានបានថា «ការប្រយុទ្ធប្រឆាំងគ្រឿងញៀនជាការងាររួមរបស់យើងទាំងអស់គ្នា ដោយមិនអាចចាត់ទុកជាការងារផ្តាច់មុខរបស់នរណាម្នាក់ឬក្រុមណាមួយឡើយ​ ការដោះស្រាយគឺត្រូវផ្តើមពីយើងទាំងអស់គ្នា ការលុបបំបាត់គ្រឿងញៀនជាបញ្ហារួមចម្បងដែលយើងគ្រប់គ្នាត្រូវចូលរួមដោះស្រាយ ដើម្បីបញ្ចៀសគ្រោះថ្នាក់ និងនាំមហន្តរាយដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ»

លោកបានសំណូមពរ ឱ្យអ្នកពាក់ព័ន្ធទាំងអស់ និងប្រជាពលរដ្ឋគ្រប់រូបរួមសហការគ្នា ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលបញ្ហាគ្រឿងញៀនដែលនាំឲ្យបំផ្លាញសហគមន៍។ លោកបានបន្ថែមទៀតថា អិលអូអិលស៊ី នឹងបន្តគាំទ្រដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនយ៉ាងពេញទំហឹងដើម្បីចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ថ្លែងក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ និងឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង ក្នុងឱកាសនោះ ឧត្តមសេនីយ៍​ឯក​ លឹម តុងហួត បានមានប្រសាសន៍ថ្លែងអំណរគុណដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី (LOLC) ជាដៃគូសហការយ៉ាងសកម្ម តែងតែគាំទ្រដល់ការងារផ្សព្វផ្សាយអប់រំប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការងារសង្គមនានា។ លោកបានបន្ថែមថា នេះជាសកម្មភាពដ៏ប្រពៃថ្លៃថ្លាចូលរួមឆ្លើយតបទៅនឹងឆន្ទះដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតីដែលបានដាក់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន​ជាការងារអាទិភាពសម្អាតចកពីបឹង និងស្នើសុំឱ្យ​វិស័យឯកជន​បន្តចូលរួមបន្ថែមទៀតដូចដែលអិលអូអិលស៊ី ដែលបាននឹងកំពុងបន្តធ្វើទាំងពេលនេះ​ និងពេលអនាគត​ សំដៅធានាសុខសុវត្ថិភាព សណ្តាប់ធ្នាប់​ជូនប្រជាពលរដ្ឋគ្រប់រួប​ ផ្ទះអ្នក ផ្ទះខ្ញុំគ្មានគ្រឿងញៀន ភូមិយើងនិងគ្មានគ្រឿងញៀន។

សូមបញ្ជាក់ថា នេះជាលើកទី៩ហើយ ដែលអិលអូអិលស៊ី LOLC ផ្តល់ជូនអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នូវសម្ភារផ្សព្វផ្សាយគ្រឿងញៀន ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់អិលអូអិលស៊ី (LOLC)ក្នុងការបន្តចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា៕