(កំពង់ឆ្នាំង)៖ នាយឧត្តមសេនីយ៍បណ្ឌិត សឹង សំណាង អគ្គមេបញ្ជាការ​រងនៃកងយោធ​ពល​ខេម​រភូមិន្ទមេបញ្ជាការកងទ័ពជើងអាកាស នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ និងជា​តំ​ណាង​​លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និង​ជា​ប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីភាព​ក្នុងពិធីបញ្ចុះ​ខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានានៅក្នុងវត្តព្រះរាមរង្សី ស្ថិតនៅក្នុង​ភូមិ​ព្រះ​រាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងមានប្រជាពលរដ្ឋប្រមាណជា ១ពាន់នាក់​ចូលរួមក្នុងពិធីនេះយ៉ាងច្រើនកុះករ។

លោកអភិបាលស្រុក បានឱ្យដឹងថា វត្តព្រះរាមរង្សីមានប្រវត្តិយូរលង់មកហើយដោយផ្ដើម​កសាង​តាំងពីឆ្នាំ១៩១០មកម៉្លេះ ហើយជាវត្តដែលមានព្រះចៅអធិការជាច្រើនអង្គ​ បានចូល​រួមកសាងតាមដំណាក់កាលនីមួយៗរហូតដល់ឆ្នាំ១៩៧៥-១៩៧៩ វត្តនេះត្រូវបាន​ពួកខ្មែរ​ក្រហមឈូសឆាយកម្ទេច ចាប់ផ្សឹកព្រះសង្ឃ និងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ។

ទីវត្តអារាមនៅទីនេះ ត្រូវបានកកើតឡើងវិញ ក្រោយថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោម​ការ​​ដឹកនាំរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងគណបក្សប្រជាជនកម្ពុជា។ ពេល​​នោះ​ប្រជាពលរដ្ឋបានរួមគ្នាបោសសំអាតទីវត្តអារាម និងមានពុទ្ធបរិស័ទចំណុះជើងវត្ត​ចូលរួម​ធ្វើ​បុណ្យទានឡើងវិញដើម្បីស្ដារ និងកសាងសមិទ្ធិផលក្នុងវត្តឡើងវិញជាបន្តបន្ទាប់។

រហូតដល់ឆ្នាំ២០០៩ ទើបមានការចាប់ផ្តើមកសាងព្រះវិហារថ្មី។ ព្រះវិហារ​នៅក្នុងវត្ត​ព្រះរា​ម​រង្សី​ បានកើតឡើងដោយសារកិច្ចសហការគាំទ្រពីអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និង​ពុទ្ធ​សាសនិក បានរួមគ្នាជាកម្លាំងចលករធ្វើឱ្យវត្តបានរីកចម្រើនដូចពេលបច្ចុប្បន្ន។ ផ្អែកតាម​របាយ​ការណ៍ការកសាងព្រះវិហារបានចំណាយថវិកាប្រមាណ ២២០,៦៨៦ដុល្លារ។

នាយឧត្តមសេនីយ៍បណ្ឌិត សឹង សំណាង បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹក​រឮក​យ៉ាងជ្រាលជ្រៅពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធាន​ក្រុម​ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ប្រគេនព្រះសង្ឃគ្រប់ព្រះអង្គ និងជូនចំពោះអាជ្ញាធរដែនដី ប្រជាពលរដ្ឋដែលមានវត្តមានក្នុងខេត្តកំពង់ឆ្នាំង។

នាយឧត្តមសេនីយ៍បណ្ឌិត បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះព្រះទ័យផ្តួចផ្តើម និង​ការ​ខិតខំប្រឹងប្រែងរបស់ព្រះអង្គព្រះចៅអធិការគ្រប់ជំនាន់ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សប្បុ​រសជន និងពុទ្ធបរិស័ទទាំងអស់ ដែលផ្តល់ការជឿជាក់ដោយបានបរិច្ចាគធនធាន និងថវិកា​តាមសទ្ធាជ្រះថ្លា រួមសាមគ្គីកសាងព្រះវិហារថ្មីក្នុងវត្តព្រះរាមរង្សី សម្រាប់ទុកជាទី​គោរពប្រណិ​ប័តន៍​។

នាយឧត្តមសេនីយ៍ សឹង សំណាង ចាត់ទុកសមិទ្ធផលទាំងនេះ បង្ហាញឱ្យឃើញ​ពីការ​យក​ចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា និងមិនអាចផ្ដាច់បានពីការខិតខំប្រឹងប្រែង និងការ​ចូល​រួមចំណែក​យ៉ាងសស្រាក់សស្រាំពីពីសំណាក់ថ្នាក់ដឹកនាំ ស្ថាប័ន ក្រុមការងារ​រាជរដ្ឋា​ភិ​បាល មន្ត្រីរដ្ឋបាលខេត្ត ព្រះសង្ឃ ឧបាសកឧបាសិកា ប្រជាពលរដ្ឋ ដែលបានរួមសាមគ្គីគ្នា បរិច្ចាគទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដើម្បីកសាងសមិទ្ធផលទាំងនេះ។

នាយឧត្តមសេនីយ៍បណ្ឌិត សឹង សំណាង បានរំលឹកប្រជាពលរដ្ឋឱ្យបានដឹង​ពីប្រវត្តិ​នៃដំណើរ​ប្រទេសកម្ពុជាដែលបានឆ្លងកាត់ពីដំណាក់កាលនីមួយៗ រហូតដល់ឆ្នាំ១៩៧០ ទីអារាម​បាន​ក្លាយជាគោលដៅនៃការវាយប្រហារទម្លាក់គ្រាប់បែកពី​លើ​អាកាស និងបំផ្លិចបំផ្លាញ​ជីវិត​ប្រជា​ជនកម្ពុជាទៀតផង។ ជាពិសេសក្នុងរបបប៉ុលពត បានប្រល័យជីវិតមនុស្សយ៉ាងព្រៃផ្សៃ ក្នុ​ង​នោះ​វត្តព្រះរាមរង្សី ក៏ត្រូវបានយកធ្វើជាកន្លែងកាប់សម្លាប់ប្រជាជន​ស្លូត​ត្រង់ផងដែរ។

តាមរយៈនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុនសែន រួមជាមួយការដឹកនាំ​អនុវត្ត​គោល​នយោបាយជាច្រើនដំណាក់កាលធ្វើឱ្យ​កម្ពុជាសម្រេចបានការ​ផ្លាស់ប្ដូរមុខមាត់ថ្មី​ប្រែ​ក្លាយខ្លួនពីប្រទេសមានសោកនាដកម្ម នៃសង្គ្រាមមកជាប្រទេស​​មាន​សន្តិភាព ការឯកភាព​ ជាតិពេញលេញ មានបេះដូងមនុស្សធម៌ មានកេរ្ដិ៍ឈ្មោះល្អល្បីរន្ទឺលើឆាកអន្តរជាតិ។

នាយឧត្តមសេនីយ៍ សឹង សំណាង បានគូសរំលេចថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដឹក​នាំ​ដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជារាជរដ្ឋាភិបាលបន្តវេន បានខិត​ខំប្រឹងប្រែង​បន្តអភិវឌ្ឍន៍លើគ្រប់វិស័យ។

នាយឧត្តមសេនីយ៍បណ្ឌិត សឹង សំណាង បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជាពង្រឹង​សុខ​ដុមនីយកម្មរវាងគ្រប់សាសនានៅកម្ពុជា រាំងស្កាត់ការធ្វើអាជីវកម្មលើសាសនា ប្រឆាំង​ការរើសអើងបែងចែកប្រជាជន ដែលមានភាពខុសគ្នាខាងជំនឿនិងសាសនា សំដៅប្រែក្លាយ​សក្ដានុពលសាសនាទាំងអស់ទៅជាកម្លាំងសាមគ្គីជាតិតែមួយដ៏ខ្លាំងក្លាក្នុងការកសាងសន្តិភាព ឯកភាពជាតិ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានចាត់តាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ដើម្បីចូលរួមគាំទ្រនិងជំរុញការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ផែន​ការ​យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិគោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិ​បាលឲ្យបានសកម្មផលផុសនៅតាមមូលដ្ឋាន និងការដោះស្រាយឆ្លើយតបសំណូមពរ និង​តម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗប្រកបដោយ​ប្រសិទ្ធិភាព តម្លាភាព ដោយ​ផ្អែកលើច្បាប់និងលិខិតបទដ្ឋានជាធរមាន។

ឆ្លៀតក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សឹង សំណាង បានសម្ដែងអំណរ​គុណយ៉ាង​ជ្រាល​ជ្រៅចំពោះអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ដែលបានរួម​គ្នាខិតខំ​ការ​ពារសន្តិភាពសន្តិសុខសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋានតាមការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទទួលបានជោគជ័យកន្លងមកនេះ។

នៅក្នុងពិធីកាត់ឫស្សសីមាដ៏រីករាយនោះ នាយឧត្តមសេនីយ៍បណ្ឌិត សឹង សំណាង បាន​ប្រគេន​បច្ច័យព្រះសង្ឃ ២៨អង្គ និងជូនថវិកាចំពោះលោកគ្រូ អ្នកគ្រូចំនួន ២៧នាក់ សិស្ស​ចំនួន ២៣០នាក់ ជូនកម្លាំងប្រដាប់អាវុធ និងកម្លាំងមានសមត្ថកិច្ចចំនួន ៦៧នាក់ ដូនជី​តាជី​ចំនួន ៥០នាក់ សរុបថវិកាចំនួន ១២,៨៦០,០០០រៀល៕