(ភ្នំពេញ)៖ អូស្ត្រាលី ប្រកាសបន្តគាំទ្រមុតមាំលើការបណ្តុះបណ្តាលធនធានមនុស្សនៅ​កម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍ និងបន្តជួយដល់ការអភិវឌ្ឍន៍នៅកម្ពុជា តាមរយៈ​ការ​លើកកម្ពស់កិច្ចសហប្រតិបត្តិការទាំងឡាយ ដែលប្រទេសទាំងពីរធ្លាប់បានធ្វើជាមួយគ្នា។

ជំហរនេះ ត្រូវបានប្រកាសដោយលោក ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០២៤នេះ នៅវិមានសន្តិភាព។

លោក ចាស្ទីន ខេវិន វ៉ាយអេត បានបញ្ចប់ការងារជាឯកអគ្គរដ្ឋទូតនៅកម្ពុជាហើយ ជំនួប​ជា​មួយសម្តេចធិបតីនារសៀលថ្ងៃនេះ គឺជាការចូលជម្រាបលា។

ក្នុងជំនួបជម្រាបលានេះ លោក ចាស្ទីន ខេវិន វ៉ាយអេត បានថ្លែងអំណរគុណសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ជួបសម្តែង​ការគួរសម និងជម្រាបលា។ ឯកអគ្គរដ្ឋទូតចប់អាណត្តិរូបនេះ បានវាយតម្លៃខ្ពស់អំពីទំនាក់​ទំនង​ដ៏ល្អរវាងអូស្រ្តាលី-កម្ពុជា ហើយក៏បានសម្តែងការអរគុណចំពោះការគាំទ្រ និងកិច្ចសហ​ប្រតិ​បត្តិការរបស់ក្រសួង ស្ថាប័នរបស់កម្ពុជាក្នុងការរឹតចំណងទំនាក់ទំនង និងកិច្ចសហ​ប្រតិ​បត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងមក។

លោកឯកអគ្គរដ្ឋទូត ក៏បានគោរពជម្រាបជូនសម្តេចធិបតី អំពីវឌ្ឍនភាពលើកិច្ច​សហ​ប្រតិ​បត្តិ​ការ ដែលសម្តេចធិបតី និងនាយករដ្ឋមន្ត្រីអូស្រ្តាលី បានពិភាក្សាថ្មីៗនេះ នៅប្រទេស​អូស្រ្តា​លី។ ទន្ទឹមគ្នានោះ លោកឯកអគ្គរដ្ឋទូត ក៏បានជម្រាបសម្តេចធិបតី អំពីការបន្តគាំទ្រលើកិច្ច​សហប្រតិបត្តិការលើវិស័យអប់រំ តាមរយៈការបន្តផ្តល់អាហារូបករណ៍បន្ថែម ដល់និស្សិត​កម្ពុជា និងការភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យអូស្ត្រាលី និងសាកលវិទ្យាល័យនានារបស់កម្ពុជា។

លោក ចាស្ទីន ខេវិន វ៉ាយអេត ក៏បានបញ្ជាក់ជំហរ​បន្តកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ​លើវិស័យអាទិភាពមួយចំនួនរួមមាន៖ កសិកម្ម ការវិនិយោគ ពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ ថាមពលបៃតង និងការពារជាតិ និងសន្តិសុខ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់លោក ចាស្ទីន ខេវិន វ៉ាយអេត ព្រមទាំងបានសម្តែងក្តីរីករាយចំពោះវឌ្ឍនភាពលើ​កិច្ចសហប្រតិបត្តិការ​ដែល​សម្តេច និងលោកនាយករដ្ឋមន្រ្តីអូស្រ្តាលី បានពិភាក្សាគ្នានាពេលកន្លងមក។

សម្តេចធិបតី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការគាំទ្រលើវិស័យអាទិភាព និង​លើ​កិច្ចសហប្រតិបត្តិការពីសំណាក់ប្រទេសអូស្រ្តាលី។ ពាក់ព័ន្ធនឹងវិស័យវិនិយោគ និង​ពា​ណិជ្ជ​កម្ម សម្តេចធិបតី បានប្រកាសប្រឹងប្រែងជំរុញការតភ្ជាប់រវាងវិស័យឯកជន និងឯកជន ហើយមានជំនឿជាក់ថា ការភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងកាន់តែប្រសើរឡើង ដើម្បី​ផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន។

ចំពោះវិស័យហេដ្ឋារចនាសម្ព័ន្ធ និងថាមពលបៃតងវិញ សម្តេចធិបតី បានគូសបញ្ជាក់អំពីកិច្ច​ប្រឹង​ប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍ​ថាម​ពល​បៃតង ដោយលើកកម្ពស់ការចូលរួមរបស់វិស័យឯកជនលើការអភិវឌ្ឍ និងការវិនិយោគ​លើវិស័យទាំងនេះ។

ក្នុងក្របខ័ណ្ឌវិស័យការពារជាតិ និងសន្តិសុខ សម្តេចធិបតី បានបញ្ជាក់ពីការបន្តការផ្សារ​ភ្ជាប់​ទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ កម្ពុជា-អូស្រ្តាលី តាមរយៈការជំរុញការបណ្តុះបណ្តាល និងការកសាងសមត្ថភាព ជាដើម។

សម្តេចធិបតី និងលោក ឯកអគ្គរដ្ឋទូតក៏បានផ្លាស់ប្តូរយោបល់គ្នាអំពីកិច្ចសហ​ប្រតិបត្តិការ​រវាង​ប្រទេសទាំងពីរ ក្នុងការចូលរួមចំណែកថែរក្សានូវសុខសន្តិភាព និងវិបុលភាពនៅក្នុង​តំបន់ និងអន្តរជាតិ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីផងដែរ៕