(កំពង់ធំ)៖ លោកស្រីបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលក្នុងអាណត្តិថ្មី នឹងបន្តលើកស្ទួយព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ នឹងបន្តខិតខំធ្វើឱ្យទីវត្តអារាម ក្លាយជាមជ្ឈមណ្ឌលនៃជីវភាពខាងស្មារតី ដែលចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍសង្គមជាតិ ខាងផ្នែកវប្បធម៌ អប់រំសុខាភិបាល សង្គមកិច្ច និងសីលធម៌សង្គម។

ការលើកឡើងរបស់លោកស្រីបណ្ឌិត ជា សិរី ធ្វើឡើងក្នុងពិធីបុណ្យសម្ភោធឆ្លងឧបដា្ឋនសាលា ពុទ្ធាភិសេក និងសមិទ្ធផលនានា ក្នុងវត្តមុនីរតនារាម (ហៅវត្តល្អក់) ស្ថិតនៅឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤។

លោកស្រីបណ្ឌិត ជា សិរី បានថ្លែងថា ក្រោមដំបូលសន្តិភាព ជាមរតកដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងការបន្តថែរកក្សាដំបូលសន្តិភាព ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជានិច្ចកាលសម្តេចតែងតែគិតគូរ យកចិត្តទុកដាក់ និងខិតខំស្វែងរកគ្រប់មធ្យោបាយ ដោះស្រាយរាល់ការលំបាកក្នុងជីវភាព ជាពិសេសប្រជាពលរដ្ឋនៅតំបន់ជនបទ សំដៅសម្រេចកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងសមិទ្ធ ផលក្នុងវិស័យអាណាចក្រ និងពុទ្ធចក្រដូចជា៖ សាលារៀន វិទ្យាល័យ មន្ទីរពេទ្យ វត្តអារាម ព្រះវិហារ ផ្លូវគមនាគមន៍ ទឹកស្អាត អគ្គិសនី និងប្រព័ន្ធធារាសាស្រ្តជាដើម។

លោកស្រីបណ្ឌិតបន្តថា សមិទ្ធផលសម្រេចបានទាំងអស់នេះ កើតឡើងដោយសារការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការរក្សាបានសន្តិភាពពេញលេញ និងស្ថិរភាពនយោបាយ ពុទ្ធចក្រ និងអាណាចក្រត្រូវដើរទន្ទឹមគ្នា ពឹងគ្នា និងជួយទំនុកបម្រុងគ្នាទៅវិញទៅមក ជាក់ស្តែងពុទ្ធចក្រជួយផ្នែកស្មារតី ផ្នែកខាងទស្សនវិជ្ជា ដោយសារមានពុទ្ធចក្រទើបអាណាចក្រអាចរុងរឿងបាន។

ជាមួយគ្នានេះពុទ្ធចក្រក៏ពឹងផ្អែក និងផ្ញើលើរដ្ឋអំណាចផងដែរ ក្នុងនោះដោយសារមានសុខសន្តិភាពស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនេះ ទើបជំនឿសាសនាមាននិរន្តរភាពនិងភាពរុងរឿង។

លោកស្រីបណ្ឌិត ជា សិរី បន្ថែមទៀតថា «រាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នឹងបន្តលើកស្ទួយព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដូចបានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងចារឹកជាបាវចនារបស់ប្រទេសជាតិគឺ «ជាតិ សាសនា ព្រះមហាក្សត្រ» នឹងបន្តខិតខំធ្វើឱ្យទីវត្តអារាម ក្លាយជាមជ្ឍមណ្ឌល នៃជីវភាពខាងស្មារតី ដែលចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍសង្គមជាតិ ខាងផ្នែកវប្បធម៌ អប់រំសុខាភិបាល សង្គមកិច្ច និងសីលធម៌ សង្គម»។

លោកស្រីបណ្ឌិតបញ្ជាក់ថា ជាក់ស្តែងអ្វីៗមានសព្វថ្ងៃ កើតចេញពីការខិតខំប្រឹងប្រែងយូរអង្វែង ហេតុនេះរាជរដ្ឋាភិបាលកើតចេញពី គណបក្សប្រជាជនកម្ពុជា តែងតែខិតខំប្រឹងប្រែងថែរក្សាការពារសមិទ្ធផលទាំងនេះ និងបន្តពង្រឹងស្ថិរភាពនយោបាយ សន្តិភាព សន្តិសុខ និងសុវត្ថិភាព ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ជារួមគណបក្សប្រជាជនកម្ពុជា តែងតែនៅជិតជាមួយបងប្អូនប្រជាពលរដ្ឋ ជួយដោះស្រាយទុក្ខលំបាកជូនប្រជាពលរដ្ឋ ជាពិសេសបាននាំមកនូវសន្តិភាព និងការអភិវឌ្ឍ ដូច្នេះដើម្បីបន្តនិរន្តរភាព និងការអភិវឌ្ឍបន្ថែមទៀតសូមលោកតា លោកយាយ ពូមីង បងប្អូនទាំងអស់ បន្តគាំទ្រ ក៏ដូចជាចូលរួមជាមួយ រាជរដ្ឋាភិបាលបន្តទៀត៕