(ភ្នំពេញ)៖ លោកបណ្ឌិត មាឃ បូរ៉ា ប្រធានវិទ្យាស្ថានភាសាជាតិ នៃរាជបណ្ឌិតសភាកម្ពុជា បានថ្លែងស្នើថា សៀមរាបសង្ក្រាន្ត, បាត់ដំបងសង្ក្រាន្ត, កំពង់ស្ពឺសង្ក្រាន្ត ជាដើម គប្បីត្រូវបានឯកភាពប្រើ ដើម្បីកុំឱ្យខេត្ត ឬតំបន់ ឬកន្លែងខ្លះ ប្រើពាក្យ «សង្ក្រាន្ត» នៅពីមុខ ឯខ្លះទៀត ប្រើពាក្យ «សង្ក្រាន្ត» នៅពីក្រោយ។

ការស្នើរបស់លោកបណ្ឌិត មាឃ បូរ៉ា ធ្វើឡើងបន្ទាប់ពីមានការលើកឡើងលើបណ្តាញសង្គមថា «សៀមរាបសង្ក្រាន្ត» ជាពាក្យខុស។ តាមរយៈបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត បានបកស្រាយថា «សៀមរាបសង្ក្រាន្ត» មិនមែនជាពាក្យខុសទេ ព្រោះគេធ្លាប់មានលំនាំពាក្យ «អង្គរសង្ក្រាន្ត» រួចហើយ។

លោកបណ្ឌិត មាឃ បូរ៉ា បានរម្លឹកថា បញ្ហាការប្រើពាក្យ «អង្គរសង្ក្រាន្ត» កាលពីថ្ងៃពុធ ទី២ ខែមីនា ឆ្នាំ២០១២ មានសំណើសុំការពិនិត្យ ផ្តល់យោបល់ និង ការបកស្រាយអត្ថន័យនៃឈ្មោះកម្មវិធី «អង្គរសង្ក្រាន្ត» របស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមអធិបតីភាពលោកស្រីបណ្ឌិតសភាចារ្យ ខ្លូត ធីតា អនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ (ក.ជ.ភ.ខ.)។

អង្គប្រជុំបានសម្រេចយកពាក្យ «អង្គរសង្ក្រាន្ត» ដែលជាពាក្យផ្សំរវាងពាក្យ «អង្គរ» និង «សង្ក្រាន្ត» និងដោយផ្តល់និយមន័យ ដូចខាងក្រោម៖

* អង្គរ ជាពាក្យប្រើក្លាយមកពីពាក្យ នគរ ដែលមានន័យថា ក្រុង, រាជធានី (ជួន ណាត វចនានុក្រមខ្មែរ ទំព័រ១៥៧៣)។
* សង្ក្រាន្ត មានន័យថា ដំណើរឃ្លាតចាកទី, ការឈានចូលដល់, ដំណើរដែលព្រះអាទិត្យចរចូលដល់ទីចួបជុំរាសិចក្រ គឺដំណើរដែលដើមនិងចុងនៃរាសិចក្រចួបគ្នា ពេញគ្រប់ជាមួយឆ្នាំ (ដំណើដាច់ឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី) (ជួន ណាត វចនានុក្រមខ្មែរ ទំព័រ១២៣៧)។

ដូច្នេះ «អង្គរសង្ក្រាន្ត» ក្នុងន័យថា ការចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នៅទីក្រុងវប្បធម៌ប្រវត្តិសាស្ត្រ អង្គរ នៃព្រះរាជាណាចក្រកម្ពុជា ។

លោកបណ្ឌិត បានបន្តថា ឥឡូវមកពិនិត្យលើការប្រើកន្លងមក យើងមាន «អង្គរសង្ក្រាន្ត» ឥឡូវប្រើ «សៀមរាបសង្ក្រាន្ត» តើខុសឬត្រូវ? ពាក្យផ្សំទាំងពីរនេះ មានន័យផ្សេងគ្នា។

ត្រង់ចំណុចនេះ ក្នុងនាមអ្នកសិក្សាស្រាវជ្រាវ លោកបណ្ឌិត មាឃ បូរ៉ា បានជូនជាគំនិតដើម្បីត្រិះរិះពិចារណាទៅតាមទម្លាប់និងទិដ្ឋភាពនៃភាសា ដោយមិនឱ្យទម្លាក់កំហុសមួយណាត្រូវ ឬមួយណាខុសនោះទេ។ ការប្រើពាក្យថា «សៀមរាបសង្ក្រាន្ត» ដោយផ្អែកទៅលើលំនាំនៃការប្រើពាក្យថា «អង្គរសង្ក្រាន្ត» រួចហើយ ហើយពាក្យផ្សំនេះ កើតឡើងពីពាក្យ «អង្គរ» ដែលសន្មតថា ជានាមអសាធារណ៍ និង ពាក្យ «សង្ក្រាន្ត» ដែលសន្មតថា ជានាមសាធារណ៍។ ដូចគ្នានេះដែរ «សៀមរាបសង្ក្រាន្ត» ជាពាក្យផ្សំមានលំនាំដូចគ្នា គឺសំដៅដល់ការរៀបចំសង្ក្រាន្តឆ្នាំថ្មីនៃខេត្តសៀមរាប ឬខេត្តណាមួយផ្សេងទៀត ឬក៏តំបន់ណាមួយទៀត ដែលគេចង់ផ្គុំ។ ប្រសិនបើ គេប្រើ «សង្ក្រាន្តសៀមរាប» ជាការត្រឹមត្រូវឬយ៉ាងណា?

លោកបណ្ឌិត មាឃ បូរ៉ា បានលើកឡើងថា តាមទិដ្ឋភាពនៃភាសា យើងនិយាយនិងប្រើបាន ប៉ុន្តែយើងសាកល្បងប្ដូរពាក្យ «សង្ក្រាន្ត» ដោយជំនួសពាក្យ ឆ្នាំថ្មី វិញ ទៅជា ឆ្នាំថ្មីសៀមរាប គឺមានន័យផ្សេងពី សៀមរាបឆ្នាំថ្មី គឺសំដៅដល់ការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីនៃខេត្តសៀមរាប។ ម្យ៉ាងទៀត ពាក្យផ្សំ សៀមរាបឆ្នាំថ្មី នេះ ពាក្យ ឆ្នាំថ្មី ក្នុងកន្សោមពាក្យនេះ អាចជារនាប់សម្រាប់ការចងចាំជានិច្ច។ ដូច្នេះ យើងគប្បីប្រើឱ្យមានការឯកភាព គឺ សៀមរាបសង្ក្រាន្ត បាត់ដំបងសង្ក្រាន្ត កំពង់ស្ពឺសង្ក្រាន្ត ជាដើម៕