(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ជ័យ ណារី អ៊ុំរាត្រី, លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយលោក លោកស្រីអភិបាលរងខេត្ត និងមន្ត្រីរាជការ នៃរដ្ឋបាខេត្ត បាននិមន្តព្រះសង្ឃរៀបចំពិធីពិធីសូត្រមន្តសុំសិរីសួស្តី សំណេះសំណាលជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកស្ម័គ្រចិត្តនៃសាលាខេត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ធ្វើនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។

នៅក្នុងពិធីសូត្រមន្តប្រោះព្រំ លើករាសី ដើម្បីចូលរួមអបរសាទរទេវតាឆ្នាំថ្មីនោះ ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាមន្ត្រីរាជការ បានបួងសួងដល់វត្ថុសក្ដិសិទ្ធិ ទេវតាឆ្នាំថ្មី សូមជូយប្រោសព្រំប្រសិទ្ធពរជ័យសិរីសួស្តី ជូនដល់ប្រជាពលរដ្ឋ ក្នុងខេត្តបន្ទាយមានជ័យទាំងមូល រស់នៅប្រកបទៅដោយភាពសុខដុមរមនា ចៀសផុតអំពីគ្រោះកាចទាំងឡាយទាំងពួង ពិសេសជួយឲ្យខេត្តបន្ទាយមានជ័យ មានការអភិវឌ្ឍទៅមុខជាលំដាប់។ 

ក្នុងពិធីសូត្រមន្តប្រោះព្រំនោះលោក អ៊ុំ រាត្រី បានកោតសរសើ​ និងថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក លោកស្រីអភិបាលរងខេត្ត និងមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកស្ម័គ្រចិត្តនៃសាលាខេត្ត ដែលបានសហការគ្នាបំពេញតួនាទី និងភារកិច្ចក្នុងការដឹកនាំគ្រប់គ្រងឱ្យទទួលបានប្រសិទ្ធភាពក្នុងរយៈកន្លងមក។

ជាមួយគ្នានោះ អភិបាលខេត្ត បានផ្តាំផ្ញើលោក លោកស្រីអភិបាលរងខេត្ត និងមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកស្ម័គ្រចិត្ត នៃសាលាខេត្តត្រូវបន្តចូលរួមសហការគ្នាក្នុងការបំពេញភារកិច្ច និងរួមចំណែកក្នុងដំណើរការ ពង្រឹង និងអភិវឌ្ឍន៍ខេត្តទៅមុខជាលំដាប់ និងការអនុវត្តជាក់ស្ដែងនៅតួនាទីរបស់យើងគ្រប់ៗគ្នា៕