(បន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃចន្ទ​ ទី០៨​ ខែមេសា​ ឆ្នាំ២០២៤​ លោកឧត្តមសេនីយ៍ត្រី វង្ស​ ធី​ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត​ នាយសេនាធិការ​តំណាងលោកឧត្តមសេនីយ៍ត្រី បោន​ ប៊ិន​ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការស្តីពីកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ និងសង្រ្គោះឧបទ្ទវហេតុផ្សេងៗ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងការផ្សព្វផ្សាយសេចក្តីណែនាំចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ស្តីពីវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមបណ្តាកងឯកភាពចំណុះអគ្គបញ្ជាការ និងសេចក្តីណែនាំរបស់អគ្គបញ្ជាការដ្ឋានស្តីពីការចាត់តាំងកម្លាំងចូលរួមថែរក្សាការពារតំបន់អភិរក្សព្រៃឈើធម្មជាតិទូទាំងប្រទេស។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង​ លោកនាយសេនាធិការរង លោកប្រធានមន្ទីរទាំង០៧ និងនាយការិយាល័យទាំងអស់ចំណុះមន្ទីរ​ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុកទាំង០៩ នាយទាហាន នៃកងរាជអាវុធហត្ថសរុបចំនួន​១១៥នាក់ ដែលធ្វើឡើងនៅសាលប្រជុំធំជាន់ទី២ អគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះលោកឧត្តមសេនីយត្រី វង្ស​ ធី​ បានផ្ដាំផ្ញើ និងសួរសុខទុក្ខពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ ដោយក្តីនឹករលឹក។

លោកឧត្តមសេនីយ៍ត្រី​ មេបញ្ជាការរង​ ក៏បានថ្លែងនូវការកោតសរសើរចំពោះនាយអាវុធហត្ថទាំងអស់​ ដែលកន្លងមកបានចូលរួមក្នុងកិច្ចការងារ ការពារសន្តិសុខ​ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ​ជាពិសេសត្រៀមការងារ ការពារសន្តិសុខ​ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ​ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី​ ប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់ប៉ុន្មានថ្ងៃខាងមុខនេះ។

លោកឧត្តមសេនីយ៍ត្រី​ មេបញ្ជាការរង​ក៏បានណែនាំដល់កងកម្លាំងអាវុធហត្ថទាំងអស់​ ត្រូវខិតខំការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឱ្យបានល្អប្រសើរ​ ដោយត្រូវប្រើប្រាស់សម្ភារ: មធ្យោបាយ​ និងគ្រឿងបំពាក់ សំដៅធ្វើយ៉ាងណាការពារសន្តិសុខ​ សណ្តាប់ធ្នាប់​ ជូនថ្នាក់ដឹកនាំ​ ក៏ដូចជាភ្ញៀវទេសចរ ដែលចូលរួមលេងកម្សាន្តនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រកបដោយភាពសប្បាយរីករាយ​ និងភាពទទួលខុសត្រូវខ្ពស់ផងដែរ៕