(ស្វាយរៀង)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៅតាមខ្សែបន្ទាត់ព្រំដែន​នៅស្រុកកំពង់រោទិ៍​ និងសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៅវរសេនាតូចលេខ២ តំបន់ប្រតិបត្តិការសឹករងស្វាយរៀង​ ស្ថិតក្នុងភូមិប្រសូត្រ​ ឃុំកណ្តៀងរាយ​ ស្រុកស្វាយទាប​ ខេត្តស្វាយរៀង។ 

ក្នុងដំណើរចុះមកពិនិត្យវឌ្ឍនភាពតាមបន្ទាប់ព្រំដែននៃខេត្តស្វាយរៀងនេះក៏មានការចូលរួមពីលោកប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងកងកម្លាំងទាំងបីប្រភេទ អាជ្ញាធរដែនដីជាច្រើននាក់ផងដែរ។

នៅក្នុងឱកាសនោះនាយឧត្តមសេនីយ៍ ទៀ សីហា បានពាំនាំនូវការផ្ដាំផ្ញើសួសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្ញើជូនដល់នាយទាហាន ពលទាហានទាំងអស់នៅខេត្តស្វាយរៀង និងសូមជូនពរ​មានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លៀសវៃ និងសម្រេចបានជោគជ័យក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិផងដែរ៕