(ភ្នំពេញ)៖ ថ្នាំញៀនជាង ១៧គីឡូក្រាម​ និងជនល្មើសចំនួន ២នាក់ ត្រូវបានកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន ចុះបង្ក្រាបបាន នៅគោលដៅ២ផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ។

ការបង្ក្រាបនេះ អនុវត្តតាមបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរង ទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

មន្ត្រីនគរបាលជាន់ខ្ពស់មន្ទីរប្រឆាំងគ្រឿងញៀន បានឲ្យដឹងនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤នេះថា នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ម៉ោង១៧៖២០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៦) សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំ និងសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណីរក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅ០២គោលដៅ៖ គោលដៅទី០១ មុខខារ៉ាអូខេមួយកន្លែង ផ្លូវបេតុង សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ និងគោលដៅទី២ បន្ទប់ជួលលេខ១១ ផ្លូវបេតុង ភូមិបាក់ទូក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ប្រតិបត្តិការនោះ កម្លាំងជំនាញឃាត់ខ្លួនជនល្មើស២នាក់ ទី១៖ ឈ្មោះ គ្រុយ សុខផាត ភេទប្រុស ជនជាតិខ្មែរ ឆ្នាំកំណើត១៩៨១ និងទី២៖ ឈ្មោះ ក្រាយ ស្រីមុំ ភេទស្រី ជនជាតិខ្មែរ ឆ្នាំកំណើត១៩៨២។ វត្ថុតាងចាប់យកបានរួមមាន៖ សារធាតុញៀនប្រភេទ មេតំហ្វេតាមីន (ICE) ទម្ងន់១៥គីឡូ ១៩៤ក្រាម, សារធាតុញៀនប្រភេទ អ៊ិចស្តាស៊ី (MDMA) ទម្ងន់១គីឡូ ៣៩៩.៩៦ក្រាម, សារធាតុញៀនប្រភេទ កេតាមីន (Ketamine) ទម្ងន់ ៥៥៤ក្រាម។ សារធាតុញៀនសរុបទម្ងន់ ១៧គីឡូ ១៤៧.៩៦ក្រាម និងសារធាតុមិនច្បាស់ ទម្ងន់ ៨៥២.៣១ ក្រាម។

បច្ចុប្បន្នជនល្មើសទាំង២នាក់ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ និងបន្តស្រាវជ្រាវដើម្បីតាមរកមេខ្លោង និងអ្នកពាក់ព័ន្ធផ្សេងទៀត មកផ្តន្ទាទោសតាមច្បាប់។

សូមជម្រាបថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់យកការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអាទិភាពបំផុត ដូច្នេះហើយទើបនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យ មន្ទីរប្រឆាំងគ្រឿងញៀន ប្រើកណ្តាប់ដៃដែក ដើម្បីបង្ក្រាបគ្រឿងញៀន ជាពិសេសនៅតាមក្លឹបកម្សាន្ត ដែលបង្កប់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន។

ដោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់នេះ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរ បានប្តេជ្ញាចិត្ត និងខិតខំចុះបង្ក្រាបគ្រឿងញៀន តាមបណ្ដារាជធានី-ខេត្ដ ពិសេសតាមក្លឹបកម្សាន្ត យ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹម ធ្វើយ៉ាងណាបង្ក្រាបឱ្យដល់ឫសគល់នៃបទល្មើស។

ជាការគត់សម្គាល់រយៈពេលចុងក្រោយ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបបានបទល្មើសគ្រឿងធំៗជាច្រើនករណី ដែលឧក្រិដ្ឋជនដឹកជញ្ជូន រក្សាទុក្ខ ក្នុងបរិមាណជាច្រើនគីឡូក្រាម ដោយបានឃាត់ខ្លួនជនល្មើសជាច្រើននាក់ បញ្ជូនទៅផ្តន្ទាទោសនៅតុលាការ៕