(បន្ទាយមានជ័យ)៖ លោក កែ គឹមយ៉ាន តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ​ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ បានលើកឡើងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តយកចិត្តទុកដាក់ចំពោះមនុស្សចាស់ «ការជួយមនុស្សចាស់ គឺជួយយើងទាំងអស់គ្នា» ការថ្លែងបែបនេះក្នុងឱកាសដែលលោក និងលោកស្រី ម៉ៅ ម៉ាល័យ កែគឹមយ៉ាន ព្រមទាំងក្រុមការងារ អាជ្ញាធរមូលដ្ឋានចូលរូមក្នុងពិធីរាប់បាត្រព្រះសង្ឃចំនួន​៦៩អង្គ​ និងសំណេះសំណាលជាមួយមនុស្សចាស់​មកពី៩ក្រុង-ស្រុក​ ក្នុងខេត្តបន្ទាយមានជ័យ​ចំនួន​៣១០នាក់​ នៅសាលប្រជុំថ្មី​ ភូមិអូរអំបិល​ សង្កាត់អូរអំបិល​ ក្រុងសិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃ៨ ខែមេសា ឆ្នាំ២០២៤។ 

ក្នុងឱកាសនោះលោក កែ គឹមយ៉ាន បានពាំនាំការសួរសុខទុក្ខ​ និងជូនពរ​ជ័យពី​សម្តេចតេជោ​ ហ៊ុន​ សែន​ ប្រធានព្រឹទ្ធសភា​ សម្តេចមហារដ្ឋសភាធិការធិបតី​ ឃួន​ សុដារី​ ប្រធានរដ្ឋសភា​ សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ ជូនចំពោះបងប្អូនយើងទាំងអស់គ្នាសូមជួបប្រទះតែសេចក្តីសុខគ្រប់ប្រការ។

លោក កែ គឹមយ៉ាន បានថ្លែងបន្តថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តយកចិត្តទុកដាក់ចំពោះមនុស្សចាស់ «ការជួយមនុស្សចាស់គឺជួយយើងទាំងអស់គ្នា» ហើយគ្រប់កម្មវិធីនយោបាយរាជរដ្ឋាភិបាលកម្ពុជាតែងតែផ្តល់ការយកចិត្តទុកដាក់លើការងារមនុស្សវ័យចាស់ជាអាទិភាពមួយក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ បានដាក់ការអភិវឌ្ឍវិស័យសង្គមកិច្ចជាអាទិភាពសំខាន់មានការអភិវឌ្ឍមូលធនមនុស្ស ពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង បន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឈរលើស្មារតី «មិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់»

ជាមួយគ្នានោះដែរ លោក កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ កែគឹមយ៉ាន បាននាំយកអំណោយជូនមនុស្សវ័យចាស់​ រួមមាន៖​ ថវិកា​ កំសៀវដាំទឹកអគ្គិសនី​ ក្រមា​ សារុង​ មី​ ត្រីខ​ ទឹកស៊ីអ៊ីវ ទឹកត្រី​ ទឹកដោះគោ​ តែ​ ស្កសរ​ កៅអ៊ាក​ អំបិលអ៉ីយ៉ូត​ ប្រេងខ្យល់​ ប្រេងឆា​ និងទឹកក្រូចផងដែរ៕