(ភ្នំពេញ)៖ វិទ្យាស្ថានយុទ្ធសាស្ត្រ KSI នឹងរៀបចំកិច្ចប្រជុំកំពូលកម្រិតតំបន់ដ៏មាន​សារៈ​សំ​ខាន់​ចំនួនពីរពាក់ព័ន្ធបច្ចេកវិទ្យា សេដ្ឋកិច្ច និងការធ្វើធុរកិច្ច ក្នុងប្រទេសកម្ពុជា នៅឆ្នាំ២០២៤នេះ។ កិច្ចប្រជុំទាំងពីរនោះ គឺកិច្ចប្រជុំកំពូលស្តីពី​បច្ចេក​វិទ្យា និងសេដ្ឋកិច្ចចិន និងកិច្ចប្រជុំកំពូលស្តីពីសហគ្រិនភាព និងសេដ្ឋកិច្ចអាស៊ី នៅឆ្នាំ២០២៤នេះ ក្នុងប្រទេសកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឯកភាពអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំទាំងពីរនេះហើយ។

ព័ត៌មានរៀបចំកិច្ចប្រជុំកំពូលខាងលើនេះ ត្រូវបានបញ្ជាក់ដោយ លោក តាន់ ស្រ៊ី មីសែល យ៉ាវ (Tan Sri Michael Yeoh) ប្រធានវិទ្យា​ស្ថាន​យុទ្ធ​សាស្រ្ត KSI ប្រចាំតំបន់អាស៊ី​ប៉ាស៊ី​ហ្វិក ពេលចូលជួប​សម្តែង​ការ​គួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០២៤នេះ។

លោកប្រធានវិទ្យាស្ថាន KSI បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានចំណាយពេល​ដ៏​មមា​​ញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោកប្រធានវិទ្យាស្ថាន បានអបអរសាទរចំពោះសម្ដេចធិបតី ដែលត្រូវបានរដ្ឋសភាបោះ​ឆ្នោត​​​ជ្រើសតាំងជានាយករដ្ឋមន្ត្រីកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា កាលពីខែសីហា ឆ្នាំ​២០២៣ កន្លងទៅនេះ។

លោកប្រធានវិទ្យាស្ថាន ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើន​លើគ្រប់វិស័យរបស់កម្ពុជារហូតដល់ពេលបច្ចុប្បន្ននេះ ហើយលោកមានជំនឿជាក់ថា ក្រោម​ការ​ដឹកនាំរបស់សម្តេចធិបតី កម្ពុជានឹងមានការអភិវឌ្ឍ និងរីកចម្រើនខ្លាំងក្លាបន្ថែមទៀត។

លោកប្រធានវិទ្យាស្ថាន ក៏បានគោរពជម្រាបជូនសម្តេចធិបតី អំពីការពិនិត្យលទ្ធភាពក្នុងការ​ពង្រីក​ការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសលើវិស័យកសិកម្ម ថាមពល​ជីវ​ម៉ាស បច្ចេកវិទ្យាហិរញ្ញវត្ថុ និងឌីជីថល ព្រមទាំងការបង្កើតនូវ «World Digital Cham​ber»

បន្ថែមពីលើនេះ លោកប្រធានវិទ្យាស្ថាន បានគោរពជម្រាបជូនសម្តេចធីបតី អំពីការបង្កើត ASEAN Economic Club នៅកម្ពុជា។ ក្នុងឆ្នាំនេះវិទ្យាស្ថានយុទ្ធសាស្រ្ត KSI បានផ្តួចផ្តើម​គំនិតស្នើសុំឱ្យកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តការណ៍ចំនួនពីររួមមាន៖ កិច្ចប្រជុំកំពូល​សា​កល​ស្តីពីបច្ចេកវិទ្យា និងសេដ្ឋកិច្ចចិន (Global Chinese Economic & Technology Summit-GCET) 2024 និងកិច្ចប្រជុំកំពូលស្តីពីសហគ្រិនភាព និង សេដ្ឋកិច្ចអាស៊ី (Asia Economic & Entrepreneurship Summit -AEES) 2024 ។ កម្មវិធីទាំង២នេះ គឺជា​ឱកាសក្នុងការទាក់ទាញវិនិយោគិនក្នុងតំបន់អាស៊ាន និងជុំវិញពិភពលោក អំពីឱកាសវិនិ​យោគ​នៅកម្ពុជា។ លោកប្រធានវិទ្យាស្ថាន ក៏បានគោរពអញ្ជើញសម្តេចនាយករដ្ឋមន្ត្រី ធ្វើជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះ ក្នុងកម្មវិធីទាំង២នេះផងដែរ។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ ប្រកបដោយក្តីរីករាយដែលបាន​ជួបពិភាក្សាការងារជាមួយលោកប្រធានវិទ្យាស្ថាន និងសហការី ព្រមទាំងបានសម្តែងក្ដី​សោម​នស្ស អំពីការរៀបចំកម្មវិធីទាំងពីរនេះ ដោយសម្តេចធិបតី បានណែនាំឱ្យវិទ្យាស្ថាន​យុទ្ធ​សាស្រ្ត KSI ធ្វើការពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាបន្ថែមទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានទទួលយកការអញ្ជើញរបស់លោកប្រធានវិទ្យាស្ថាន​ក្នុងការ​ចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះ ក្នុងកម្មវិធីទាំងពីរនេះ។

ពាក់ព័ន្ធការជំរុញ​ការវិ​និយោគលើបច្ចេកវិទ្យាហិរញ្ញវត្ថុ និងវិស័យឌីជីថល សម្តេចធិបតី បាន​គូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានធនាគារជាតិនៃកម្ពុជា ក្រសួងប្រៃ​ស​ណី​យ៍ និងទូរគមនាគមន៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ បាននិងកំពុងខិតខំជំរុញការ​អភិវឌ្ឍ​បច្ចេកវិទ្យា ដើម្បីធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅជាសេដ្ឋកិច្ចឌីជីថល។

សម្តេចធិបតី ក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលអាណត្តិទី៧នឹងបន្តការអភិវឌ្ឍគោល​នយោ​បាយ ដោយឈរលើស្មារតីសង្គតិភាព និងនិរន្តរភាព ដើម្បីសម្រេចបាននូវចក្ខុវិស័យ​ឆ្នាំ​២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់ ដោយផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស ដែល​ជា​លក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ចប្រកប​ដោយ​ភាពធន់ ចីរភាព និងបរិយាប័ន្ន។

ទន្ទឹមនោះ រាជរដ្ឋាភិបាលកម្ពុជានឹងបន្តថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការ​ធា​នា​ដល់បរិស្ថាននៃការវិនិយោគ ព្រមទាំងរៀបចំនូវផែនការយុទ្ធសាស្រ្តផ្នែកពាណិជ្ជកម្ម ទាំង​ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីធានាបាននូវកាលានុវត្តភាព និងរក្សាបានភាព​ប្រកួត​ប្រជែងរបស់កម្ពុជាក្នុងតំបន់ និងពិភពលោក។

មុននឹងបញ្ចប់ សម្ដេចធិបតី បានបញ្ជាក់អំពីគំនិតផ្តួចផ្តើមថ្មីៗរបស់រាជរដ្ឋាភិបាល ដូចជា​ការ​បង្កើតឡើងនូវគណៈកម្មាធិការផ្ដល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម ដើម្បីធានា​ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃការអនុវត្តគោលនយោបាយពាណិជ្ជកម្មនានា និងស្វាគមន៍​ការផ្ដល់មតិយោបល់ ក៏ដូចជាធាតុចូលនានាពីវិទ្យាស្ថានយុទ្ធសាស្ត្រ KSI៕