(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោក Song Yonggun ប្រធានអង្គការ Korea Foundation for International Healthcare (KOFIH) ប្រចាំកម្ពុជា នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញជាគណៈអធិបតីក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់មន្ទីរសុខាភិបាលខេត្តខេត្តពោធិ៍សាត់។

បន្ទាប់ពីលោកវេជ្ជបណ្ឌិត ខូយ ឌី ប្រធានមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ បានជម្រាបជូនអំពីរបាយការណ៍ និងលទ្ធផលការងារដែលទទួលបានជោគជ័យក្នុងឆ្នាំ២០២៣កន្លងទៅរួចមក លោក Song Yonggun ប្រធានអង្គការ KOFIH ប្រចាំប្រទេសកម្ពុជា បានថ្លែងថា KOFIH បាននឹងកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជាតាំងពីឆ្នាំ២០១១ ក្នុងការលើកកម្ពស់សុខភាពម្តាយ ទារក និងកុមារ និងគុណភាពសេវាថែទាំ។ KOFIH នឹងបន្តរក្សាភាពជាដៃគូរយ៉ាងរឹងមាំ ក្នុងការចូលរួមលើការគ្រប់គ្រងជំងឺឆ្លង និងជំងឺមិនឆ្លង ដើម្បីសម្រេចបាននូវការគ្របដណ្តប់ជាសកល។ ការថែទាំងសុខភាពជាបឋម គឺមិនត្រឹមតែយកចិត្តទុកដាក់ ដោយមន្ត្រីសុខាភិបាលតែប៉ុណ្ណោះទេ តែវាពិតជាត្រូវការយកចិត្តទុកដាក់ និងចូលរួមយ៉ាងចាំបាច់ ពីអាជ្ញាធរ ខេត្ត ស្រុក ឃុំ សង្កាត់ និងភូមិ។

លោកបានចាត់ទុកថា សិស្ស បុគ្គល ក៏ដូចជាសហគមន៍ ដែលយកចិត្តទុកដាក់លើសុខភាព នោះសិស្ស បុគ្គល និងសហគមន៍ទាំងនោះ នឹងទទួលបានសុខភាពល្អ។ លោកសូមអបអរសាទរ ចំពោះមណ្ឌលសុខភាពសំរោង និងមណ្ឌលសុខភាពបឹងបត់កណ្តោល ដែលបានទទួលបានចំណាត់ថ្នាក់លេខ១ និងលេខ៣ ក្នុងចំណោមមណ្ឌលសុខភាព ប្រមាណ១៣០០ទូទាំងប្រទេស។

លោក ខូយ រីដា បានជម្រាបជូនថា ប្រទេសកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍ និងមានចំណូលមធ្យមកម្រិតទាប។ ជាមួយគ្នានោះ រាជរដ្ឋាភិបាល បានផ្តល់អាទិភាពខ្ពស់លើវិស័យសេដ្ឋកិច្ច សង្គម ដែលក្នុងនោះវិស័យសុខាភិបាល គឺជាវិស័យមួយដ៏សំខាន់ ដើម្បីធានាបានសុខុមាលភាពល្អ ដែលជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិត របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកសូមស្នើដល់មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវធានានូវគុណភាព និងក្រមសីលធម៌វិជ្ជាជីវៈ លើការព្យាបាលថែទាំលើអតិថិជន និងអ្នកជំងឺ ដើម្បីធានាលើការផ្តល់សេវា ដោយមិនប្រកាន់នូវនិន្នាការនយោបាយ ពូជសាសន៍ ជនជាតិ និងពណ៌សម្បុរ។ ពិសេសត្រូវពង្រឹង និងជំរុញបន្ថែមទៀត នូវការអនុវត្តច្បាប់គ្រប់គ្រងឱសថ ការប្រកបវិជ្ជាជីវៈឯកជន ក្នុងវិស័យវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រ... ដើម្បីធានាសុវត្ថិភាព ផ្នែកបច្ចេកទេស ដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់សេវាទាំងនោះ។

ដូចយើងបានដឹងហើយថា កាលពីអំឡុងឆ្នាំ២០១៩ យើងមានមន្ទីរពេទ្យបង្អែកបាកាន និងមន្ទីរពេទ្យបង្អែកពោធិ៍សាត់ គឺទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ និងលេខ៧ទូទាំងប្រទេស។ ហើយក្នុងឆ្នាំ២០២៣កន្លងទៅថ្មីៗ យើងមានមណ្ឌលសុខភាពសំរោង និងមណ្ឌលសុខភាពបឹងបត់កណ្តោល ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ និងលេខ៣ ទូទាំងប្រទេស ដែលទាំងនេះគឺជាកិត្តិយស និងលទ្ធផលផ្លែផ្កា ដែលយើងទាំងអស់គ្នាបានខិតខំផ្តល់សេវាសាធារណៈគំរូ។ លោកសូមឱ្យបន្តកិច្ចខំប្រឹងប្រែងនេះបន្ថែមទៀត នៅគ្រប់មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពទាំងអស់ ដើម្បីជាទំនុកចិត្តដល់ប្រជាពលរដ្ឋ ពិសេសស្របតាមគោលនយោបាយ បញ្ចកោណគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាល៕